អ្នកជំនាញនិយាយថា ក្លឹបហាត់ប្រាណអាចជាទីកន្លែងចម្លងវីរុស COVID-19 ដូច្នេះអ្នកត្រូវប្រាកដថា វាបានសម្អាតមុនពេលដែលអ្នកចូលប្រើប្រាស់

319


អ្នកដែលចូលចិត្តហាត់ប្រាណត្រូវបានគេជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាកន្លែងទាំងនោះត្រូវបានគេកំណត់ថា ជាទីតាំងដែលមានហានិភ័យខ្ពស់សម្រាប់ការឆ្លងរាលដាលនៃវីរុស COVID-19 ។ វេជ្ជបណ្ឌិតជនជាតិស្កុតឡេន-អូស្ត្រាលី លោក Norman Swan បាននិយាយប្រាប់ ABC ថា កន្លែងហាត់ប្រាណគឺជាកន្លែងដ៏ល្អបំផុតសម្រាប់វីរុស COVID-19 ពីព្រោះនៅទីនោះពោរពេញដោយការបញ្ចេញញើស។ ភាពសើមគឺជារឿងអាក្រក់មួយសម្រាប់ការរាលដាលនៃវីរុស ហើយខណៈដែលនៅទីនោះអ្នកហាត់ប្រាណតែបញ្ចេញភាពសកម្មរបស់ពួកគេឱ្យចេញញើស ដូច្នេះវាជាប្រភពចម្លងដ៏ធំមួយ។ នេះវាមិនមានន័យថា អ្នកត្រូវតែឈប់ទៅកន្លែងហាត់ប្រាណនោះទេ ប៉ុន្តែប្រសិនបើអ្នកទៅហាត់ប្រាណអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់។ អ្នកត្រូវប្រាកដថា អ្នកបានជូតឧបករណ៍ មុននិងក្រោយពេលប្រើ។

វេជ្ជបណ្ឌិត Norman Swan ដែលបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ ពីសាកលវិទ្យាល័យ Aberdeen ក្នុងប្រទេសស្កុតលែន លោកក៏បាននិយាយថា ប្រជាជនត្រូវការធ្វើឱ្យប្រាកដថាពួកគេបានលាងដៃជាមួយទឹកសម្អាតដៃបានទៀងទាត់ និងត្រឹមត្រូវផងដែរ។ លោកបានជំរុញឱ្យប្រជាជនចៀសវាងបន្ទប់ស្ទីម (steam) ព្រោះបន្ទប់នឹងមិនក្តៅគ្រប់គ្រាន់ដើម្បីសម្លាប់មេរោគនោះទេ។ កុំនៅជិតអ្នកដែលមានរោគសញ្ញា រួមទាំងក្អក ឬកណ្តាស់ ពិសេសគឺចៀសវាងធ្វើដំណើរទៅកន្លែងហាត់ប្រាណរហូតទាល់តែវីរុសនេះស្ងប់ទៅវិញ។ ប៉ុន្តែយ៉ាងណាលោកវេជ្ជបណ្ឌិត David Thomas សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ និងជានាយកផ្នែកជំងឺឆ្លងនៃសាលាវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Johns Hopkins បានប្រាប់កាសែតញូវយ៉កថែមស៍ថា អ្នកទៅព្រះវិហារមានហានិភ័យច្រើនជាងអ្នកទៅកន្លែងហាត់ប្រាណ។ វាក៏ស្របតាមការពិតដែលនៅប្រទេសកូរ៉េខាងត្បូង ការផ្ទុះឡើងដ៏ធំដំបូងបំផុតគឺនៅក្នុងព្រះវិហារ៕

 

Khmernote