ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នៅតែ​បន្ត​ការសាងសង់ ដោយ​មិន​ផ្អាក​ឡើយ

40


ភ្នំពេញ​៖ ទោះបី​ជម្ងឺ​ផ្លូវដង្ហើម Covid-19 កំពុង​កើត​មាននៅ​កម្ពុជា​ជិត 100 ករណី​ក្តី ក៏​ដំណើរការ​សាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នៅតែ​បន្ត​ដំណើរការ​ជាធម្មតា ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​។​

កីឡដ្ឋាន​ធំ​(Main Stadium)​ដែលជា​កន្លែង​សម្រាប់ធ្វើ​ពិធី​បិទ និង បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅតែ​បន្តសកម្មភាព​ធ្វើ​ដោយ​មិនមាន​ផ្អាក​ឡើយ ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​កីឡដ្ឋាន​ធំ​ដ៏​ធំ​ស្កឹមស្កៃ​ខាងលើ​កំពុងតែបន្ត​ព​ន្លឿ​ន​ការសាងសង់​ធម្មតា​ពិសេស​ការដំឡើង​គ្រឿង​ដង្គុំ​សំខាន់ៗ ក៏​ជិត​ហើយ​ដែរ​។ តាម​ការប៉ាន់ស្មាន​នៅសល់​ប្រហែល ២០% ទៅ ៣០% ទៀត កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះ នឹង​រួចរាល់​ស្ថាពរ នៅ​ដំណាច់ឆ្នាំ​២០២០​។​

​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​ទោះ​មានការ​រាតត្បាត​ពី​វីរុស​Covid-19​ក៏ពិតមែន​តែ​មិន​ប៉ះពាល់​ដំណើការ សាងសង់​នោះទេ ព្រោះ​ក្រុមហ៊ុន​សាងសង់ មាន​វិធានការណ៍​ចំនួន ដើម្បី​បង្ការ និង​ទប់ស្កាត់​វីរុស​ដ៏​កាច​សាហាវ​នេះ ជាក់ស្ដែង​វិស្វករ​និង​កម្មករ​ទាំង​ខ្មែរ​និង​ចិន មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចេញ​-​ចូល ក្រៅពី​បរិវេណ​កន្លែងធ្វើការ​នោះទេ​។ ពាក់ព័ន្ធ​ហិរញ្ញវត្ថុ​ក៏​គ្មាន​បញ្ហា​ក្ដីបារម្ភ​ដែរ ព្រោះ​គម្រោង​នេះ មាន​ទុន​ស្រាប់ ដើម្បី​ចំណាយ​។​

សូមបញ្ជាក់ថា កីឡដ្ឋាន​ធំ​នៃ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៦០​លាន​ដុល្លារ ។ កីឡដ្ឋាន​នេះ សាងសង់​លើ​ផ្ទៃដី ១៦,២២ ហិកតា នា​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ដើម្បី​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នកទស្សនា​បាន​ជាង​៦​ម៉ឺន​នាក់​ហើយ​មាន​លក្ខណៈពិសេស​ជាច្រើន ហើយ​អាច​ជម្លៀស​អ្នកទស្សនា​ទាំងអស់ ក្នុងពេល​ត្រឹម​៧​នាទី​ប៉ុណ្ណោះ ក្នុងពេល​មាន​អាសន្ន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​