លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ​ណែនាំថ្នាំ​និង​បរិក្ខារ​ពេទ្យ​មួយចំនួន គួរត្រៀម​ទុក​ក្នុងផ្ទះ​ជាប្រចាំ

219


ភ្នំពេញ​៖ បញ្ហា​ឈឺ​ថ្កាត់​នៅពេល​យប់​ព្រលប់ តែង​កើតមានឡើង​ដោយ​មិនអាច​ចៀសផុត ជាពិសេស​គឺ​ជំងឺ​ឈឺ​ចុកចាប់ ណែន​ទ្រូង ហេវ​ហត់​អស់កម្លាំង ឈឺក្បាល វិលមុខ ចុក​រួយ​សរសៃ និង​របួសស្នាម​ជាដើម​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី នៅលើ​បណ្តាញ​សង្គម MJQ University Press កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​។​

​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​បញ្ជាក់ថា ប្រសិនបើ​មាន​បញ្ហា​ឈឺ​ថ្កាត់​នៅ​ពេលយប់​ព្រលប់​បែបនេះ នឹង​បង្កឱ្យមាន​ផល​លំបាក​យ៉ាងខ្លាំង​ដល់​សមាជិក​ក្នុង​គ្រួសារ ព្រោះថា ចំពោះ​អ្នក​នៅតាម​ទីជនបទ​មួយចំនួន គ្មាន​គ្រូពេទ្យ​នៅក្បែរ​ផ្ទះ​នោះទេ ហើយ​ប្រសិនបើ​មាន ពេល​យើង​ទៅ​គោះទ្វារ​ហៅ​គ្រូពេទ្យ ក៏​គ្រូពេទ្យ​មិន​ងាយ​នឹង​ក្រោក​ឡើង​លក់​ថ្នាំ​ឱ្យ​យើង​ដែរ​។

​លោក​វេជ្ជបណ្ឌិត បាន​ថ្លែងថា ដូច្នេះ​គ្រប់​ក្រុមគ្រួសារ​ទាំងអស់ ជាពិសេស​គ្រួសារ​នៅតាម​តំបន់​ដាច់ស្រយាល គួរតែមាន​ថ្នាំ​និង​បរិក្ខារ​ពេទ្យ​មួយចំនួន ត្រៀម​ទុក​ក្នុងផ្ទះ​ជាប្រចាំ​ដូចជា​៖

​ទី​១ ថ្នាំ​អាស្ពីរីន​៖ មានមុខ​ងារ​ជួយ​កាត់បន្ថយ​ការឈឺ​ចុកចាប់ និង​អាកា​រៈ​ណែន​ដើមទ្រូង​។ ថ្នាំ​នេះ ក្រោយពេល​លេប​ហើយ​មាន​ប្រសិទ្ធភាព​ភ្លាមៗ ប៉ុន្តែ​វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ក្រពះ ប្រសិនបើ​យើង​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ​។ នៅ​ស្រុក​គេ គេ​ញ៉ាំ​ថ្នាំ​អាស្ពីរីន​នេះ​ជាប្រចាំ ព្រោះ​វា​ជួយ​ឱ្យ​ឈាមរាវ កាត់បន្ថយ​ការកកស្ទះ​សរសៃឈាម ឬ​គាំងបេះដូង​ជាដើម​។​

​ទី​២ ថ្នាំ​ក្រហម​៖ គឺមាន​មុខងារ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​នៅពេល​យើង​មាន​របួសស្នាម​ឬ​ដំបៅ ដោយ​យើង​គ្រាន់តែ​យក​វា​មក​លាប​លើ​មុខរបួស​ឬ​ដំបៅ​នោះ បន្ទាប់មក​យក​បង់​រុំ​របួស​មក​រុំ​ពីលើ​ជាការ​ស្រេច​។​

​ទី​៣ ថ្នាំ B-Complex៖ ជា​ប្រភេទ​ថ្នាំ​ម្យ៉ាង​ដែល​សម្បូរ​ទៅដោយ​វីតាមីន រួមមាន​វីតាមីន B, B1, B2, B6 និង B12 ដែល​អាចជួយ​ដល់​សរសៃ​ខួរក្បាល​របស់​យើង ធ្វើឱ្យ​យើង​មិនសូវ​ហត់ ធ្វើ​អ្វី​ក៏​មិនសូវ​អស់កម្លាំង មិនសូវ​គិត​ច្រើន ខួរក្បាល​ត្រជាក់ គេង​លក់​ស្រួល និង​ធ្វើឱ្យ​ឈាម​យើង​ដើរ​ស្រួល ម្យ៉ាង​ក៏​ធ្វើឱ្យ​ក្មេង​រៀន​ពូកែ និង​ឆ្លាត​វាងវៃ​ផងដែរ​។​

​ទី​៤ ថ្នាំ​ជាតិ​ដែក​៖ វា​ជា​ប្រភេទ​ថ្នាំ​ដែលមាន​មុខងារ​ច្រើនយ៉ាង ហើយ​មិន​ត្រឹមតែ​ស្ត្រី​ទេ​ដែល​អាច​លេប​បាន សូម្បី​បុរស​ក៏​អាច​លេបថ្នាំ​នេះ​បានដែរ ដ្បិតអី​វា​ជួយ​ឱ្យ​យើង​មាន​សុខភាព​ល្អ​។ ថ្នាំ​នេះ បើ​យើង​លេប​ក្នុង​មួយថ្ងៃ​ពីរ​បី​គ្រាប់​នៅពេល​បាយ​រួច នោះ​វា​នឹងធ្វើ​ឱ្យ​យើង​មាន​សុខ​ភាពល្អ លែង​ងងឹតមុខ លែង​វិល លែង​ចុក​ខ្នង លែង​ចុក​ចង្កេះ ហើយ​បើ​ចំពោះ​បុរស​គាត់​ធ្វើការ​មាន​កម្លាំង​ជាង​មុន លែង​រសេះរសោះ​ដៃជើង គេង​លក់​ស្រួល ខួរក្បាល​ស្រឡះ​ល្អ ចំណែក​ស្រីៗ​មក​ថ្ងៃខែ (​មក​រដូវ​) ក៏​ទៀងទាត់ រីឯ​ក្មេងៗ​ក៏​រៀន​ចេះ​ជាង​មុន​ដែរ​។​

​ទី​៥. វ៉ា​សេ​លីន (Vaseline)៖ ជា​ថ្នាំ​ផ្សះ​ត្រូវ​គ្រប់​រោគ​លើ​ស្បែក ដែល​គួរ​មាននៅ​ក្នុងផ្ទះ​ជាប្រចាំ​។ និយាយ​ទៅ វ៉ា​សេ​លីន អាចជួយ​ដោះស្រាយ​បញ្ហា​បាន​ច្រើន ជាពិសេស​មាន​ប្រសិទ្ធភាព​ចំពោះ​ស្នាម​ប្រេះ​នឹង​កែងជើង និង​អ្នកមាន​ស្បែក​ស្ងួត​បែក​ស្រកា​។ ការ​លាប​វ៉ា​សេ​លីន​ធ្វើឱ្យ​ស្បែក​លោកអ្នក​មាន​ភាព​ទ​ន់​ល្មឿយ​ក្នុង​រយៈពេល​ដ៏​ខ្លី និង​មាន​សំណើម​ល្អ​។​

​ទី​៦. ថ្នាំ Neosporin ឬ Bactrim៖ ជា​ប្រភេទ​ថ្នាំ​ផ្សះ​លាប​លើ​ដំបៅ ដែល​បណ្ដាលមកពី​ការ​មុត ដូចជា​មុត​ដៃ​មុត​ជើង​នឹង​កាំបិត​ជាដើម​។​

​ទី​៧. ថ្នាំ Hydrocortisone៖ ប្រើ​សម្រាប់​ព្យាបាល​ស្បែក​រោល​រមាស់ ស្បែក​ឡើង​កន្ទាលត្រអាក​។​

​ទី​៨. ថ្នាំ Paracetamol ឬ Tylenol៖ ជា​ថ្នាំ​បំបាត់​ការឈឺចាប់ ឈឺក្បាល និង​បន្ថយកម្ដៅ​ពេល​ក្ដៅខ្លួន​។​

​ទី​៩. ថ្នាំ Benadryl ឬ Zyrtec៖ ជា​ប្រភេទ​ថ្នាំលេប​បំបាត់​អាឡែកហ្ស៊ី រមាស់ ផ្ដាសាយ​ធម្មតា​។​

​ទី​១០. ទឹក​អាល់កុល​៖ ប្រើ​សម្រាប់​លាង​របួស​សម្លាប់​មេរោគ​។​

​សូមជម្រាបថា ក្រៅពី​ថ្នាំ​ទាំងនេះ អ្វីដែល​ត្រូវមាន​នៅក្នុង​ផ្ទះ​ចាំបាច់​នោះ គឺ​បង់​បិទ​ដំបៅ បង់​រុំ​របួស សំឡី​ពេទ្យ និង​សម្ភារៈ​ពេទ្យ​មួយចំនួនទៀត ដូចជា​កន្ត្រៃ​ពេទ្យ​សម្រាប់​កាត់​បង់​រុំ​របួស​ជាដើម​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ មុននឹង​ពិសា​ថ្នាំ​ប្រភេទ​ណាមួយ ខ្ញុំ​សូម​ផ្ដល់​ជា​យោបល់​ថា អ្នក​ចាំបាច់​ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុនសិន​៕