បារាំងនឹងអនុញ្ញាតឲ្យបើកភោជនីយដ្ឋាន ហាងកាហ្វេ បារ និងឆ្នេរសមុទ្រឡើងវិញ នៅដើមខែមិថុនាខាងមុខនេះ

34


ប៉ារីស)៖ នាយករដ្ឋមន្រ្តីបារាំង លោក អេឌ្វ័រ ហ្វីលីព (Edouard Philippe) នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសឲ្យដឹងថា ប្រទេសលោកនឹងអនុញ្ញាតឲ្យភោជនីយដ្ឋាន ហាងកាហ្វេ បារ ព្រមទាំងឆ្នេរ បើកទ្វារឡើងវិញបាន ចាប់ពីថ្ងៃទី០២ ខែមិថុនា ខាងមុខនេះតទៅ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាកងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។

លោក Philippe បានគូសបញ្ជាក់ថា នៅតាមតំបន់ «ពណ៌បៃតង» ជាទីដែលការឆ្លងរាលដាលនៃជំងឺ COVID-19 មានកម្រិតទាប ពោលគឺតំបន់ភាគច្រើននៃប្រទេសបារាំងទាំងមូល ការបើកភោជនីយដ្ឋាន ហាងកាហ្វេ និងបារឡើងវិញ គឺតម្រូវឲ្យតែរក្សាគម្លាត រវាងតុនីមួយៗ យ៉ាងហោច១ម៉ែត្រពីគ្នាប៉ុណ្ណោះ។ សម្រាប់នៅតំបន់ «ពណ៌ទឹកក្រូច» ដូចជាតំបន់ Ile de France នៅជុំវិញ ទីក្រុង ប៉ារីសវិញ គឺអនុញ្ញាតឲ្យបើកតែកន្លែងអង្គុយដែលស្ថិតនៅខាងក្រៅប៉ុណ្ណោះ ដោយមិនឲ្យបើកកន្លែងអង្គុយនៅខាងក្នុងឡើយ។

គួរជម្រាបថា ឆ្នេរសមុទ្រនៅទូទាំងប្រទេសបារាំង ក៏នឹងត្រូវបានបើកទទួលភ្ញៀវវិញ ដោយអនុវត្តគោលការណ៍គម្លាតសុវត្ថិភាព ដូចគ្នាដែរ នៅថ្ងៃទី០២ ខែមិថុនា។ បារាំងគឺជាប្រទេសដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតមួយ ដោយសារការរាតត្បាត នៃជំងឺ COVID-19។

មកទល់ឥឡូវបារាំងរកឃើញអ្នកឆ្លង COVID-19 សរុប១៨៦,២៣៨នាក់ ក្នុងនោះស្លាប់២៨,៦៦២នាក់ និងជាសះស្បើយវិញមាន ៦៧,១៩១នាក់។ ប្រទេសបារាំង ស្ថិតក្នុងចំណោមប្រទេសតែ០៦ប៉ុណ្ណោះលើលោក ដែលមានអ្នកជំងឺ COVID-19 ស្លាប់ លើសពី ២០,០០០នាក់៕