ទីក្រុងជាច្រើននៅអាមេរិករងការបំផ្លាញកាន់ខ្លាំង ខណៈបាតុកម្មនៅបន្តយ៉ាងក្តៅគគុក ដើម្បីរកយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ

39


(វ៉ាស៊ីនតោន)៖ បណ្ដាទីក្រុងកាន់តែជាច្រើនឡើង នៅក្នុងសហរដ្ឋអាមេរិក ដែលទើបតែងើបចេញពីវិបត្តិ COVID-19 កំពុងប្រឈមមុខនឹងការបំផ្លិចបំផ្លាញ ដោយអំពើហិង្សានៅក្នុងបាតុកម្ម រកយុត្តិធម៌ឲ្យជនជាតិស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ដែលត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង មីននាផូលីស (Minneapolis) យកជង្គង់សង្កត់ករហូតដល់ស្លាប់ ដោយសារតែរឿងចាយលុយក្លែងក្លាយ ២០ដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។

បាតុកម្មតវ៉ាបានឈានចូលមកដល់ថ្ងៃទី ០៦ជាប់ៗគ្នាហើយ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ (ម៉ោងនៅក្នុងតំបន់) នៅទូទាំងសហរដ្ឋអាមេរិក ដោយបច្ចុប្បន្នមានទីក្រុងយ៉ាងហោច ៤០ បានដាក់ចេញបំរាមគោចរ ខណៈកងកម្លាំងឆ្មាំជាតិត្រូវបានចល័តនៅតាមទីក្រុងចំនួន ១៥ រួមទាំងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។ ប៉ុន្តែបើទោះបីជាមានបំរាមគោចរក៏ដោយ អំពើហិង្សារវាងប៉ូលិស និងបាតុករនៅតែបន្តកើតមាន រីឯការដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងហាងទំនិញមានសភាពកាន់តែធ្ងន់ធ្ងរ ហើយសូម្បីតែអ្នកកាសែត និងជនស៊ីវិលមិនចូលរួមក្នុងបាតុកម្មតវ៉ាមួយចំនួន ក៏រងការវាយប្រហារផងដែរ។

គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍មក មនុស្សច្រើនជាង ១,៤០០នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន ក្នុងនោះកាលពីថ្ងៃអាទិត្យ ប៉ូលិសក្នុងទីក្រុង ញូយ៉ក បានឃាត់ខ្លួនមនុស្ស ៣៥០នាក់ និងមន្ត្រីប៉ូលិស ៣០នាក់បានរងរបួសស្រាល។ ចំណែកឯនៅរដ្ឋ ឥណ្ឌាណា (Indiana) មានសេចក្ដីរាយការណ៍ថា មនុស្សម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងបាតុកម្មតវ៉ា ដែលបានរីករាលដាលទៅដល់ទីក្រុងឡុងដ៍ របស់អង់គ្លេស, តូរ៉ុនតូរបស់កាណាដា និងទីក្រុងប៊ែរឡាំង របស់អាល្លឺម៉ង់ ដោយបាតុកររាប់់រយនាក់បានប្រមូលផ្តុំគ្នា ដើម្បីបង្ហាញការគាំទ្រដល់ក្រុមបាតុករនានា នៅទូទាំងសហរដ្ឋអាមេរិក ដែលកំពុងធ្វើយុទ្ធនាការទាមទាររកយុត្តិធម៌ ដល់បុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ (Goerge Floyd)៕