សូម្បីទីក្រុងឡុង និងប៊ែរឡាំង ក៏ធ្វើបាតុកម្មជុំវិញការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ George Floyd ដែរ

62


មិនថាតែនៅសហរដ្ឋអាមេរិកទេ កាលពីថ្ងៃអាទិត្យមានមនុស្សរាប់រយនាក់បានធ្វើបាតុកម្មនៅទីក្រុងឡុង និងប៊ែរឡាំង ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះថា George Floyd ដែលលោកបានស្លាប់ដោយសារប៉ូលីសស្បែកសបានប្រើជង្គង់ផ្ទប់-ក របស់គាត់នៅនឹងដី នៅឯ Minneapolis រដ្ឋ Minnesota ។ ក្រុមបាតុករបានលុតជង្គង់នៅទីលាន Trafalgar Square កណ្តាលទីក្រុងឡុងដោយស្រែកថា “គ្មានយុត្តិធម៌ គ្មានសន្តិភាព” ហើយបន្ទាប់មកបានដើរក្បួននៅវិមានរដ្ឋសភា និងបញ្ចប់នៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក។ ប៉ូលីសក្រុងបាននិយាយថា ពួកគេបានធ្វើការចាប់ខ្លួនមនុស្សចំនួន ៥នាក់ នៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក ដោយមាន ៣នាក់ ត្រូវចាប់ខ្លួនពីបទរំលោភគោលការណ៍ណែនាំទាក់ទងនឹងជំងឺ COVID-19 និង ២នាក់ សម្រាប់ការបំពានលើប៉ូលីស។

ក្រុមអ្នកតវ៉ារាប់រយនាក់ក៏បានធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងប៊ែរឡាំង ដោយកាន់ផ្ទាំងរូបភាពជាច្រើនដែលសរសេរថា៖ “ស្វែងរកយុត្តិធម៌សម្រាប់ George Floyd” “បញ្ឈប់ការសម្លាប់យើងទៅ” និង “នរណាជាអ្នកបន្ទាប់”។ មរណភាពរបស់លោក George Floyd បន្ទាប់ពីការចាប់ខ្លួនរបស់លោកកាលពីថ្ងៃច័ន្ទ បានបង្កឱ្យមានការតវ៉ាជាច្រើននៅសហរដ្ឋអាមេរិកដែលបណ្តាលឱ្យមានការខឹងសម្បារជាយូរមកហើយ ចំពោះភាពលំអៀងនៃពូជសាសន៍នៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់សហរដ្ឋអាមេរិក។ ចំណែកការប្រមូលផ្ដុំគ្នារបស់បាតុករនៅអាមេរិកវិញបានក្លាយទៅជាអំពើហិង្សា នៅពេលក្រុមបាតុករបានរារាំងចរាចរណ៍ បង្កអគ្គិភ័យ និងប៉ះទង្គិចជាមួយប៉ូលីសប្រឆាំងកុប្បកម្ម ហើយប៉ូលីសក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ក្នុងគោលបំណងដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ៕

Khmernote
ប្រភព៖ Investing