រយៈពេល១ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ សមត្ថកិច្ចផាកពិន័យបានទឹកប្រាក់ជាង៧០ម៉ឺនដុល្លារ

69


(ភ្នំពេញ)៖ នាយកឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល១ខែ នៃការអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ កម្លាំងនគរបាលចរាចរណ៍ បានផាកពិន័យយានយន្តបានទឹកប្រាក់ប្រមាណ៣ពាន់លានរៀល ដែលស្មើនឹងប្រមាណជាង៧០ម៉ឺនដុល្លារអាមេរិក។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការលទ្ធផលនៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យលេខ ៣៩ រយៈពេល១ខែដំបូង ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ានបញ្ជាក់ថា ក្នុងណោមយានយន្តល្មើសច្បាប់ទាំងអស់ មានប្រមាណ២០ភាគរយ មិនទាន់មកបង់ប្រាក់ផាកពិន័យនៅឡើយទេ។

គូសបញ្ជាក់ថា រយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧%។

បើប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤នាក់)។ ប៉ុន្តែបើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/២៤៦លើក) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នក របួសថយចុះ២៦នាក់ ស្មើ៧%(៣៤២/៣៦៨នាក់)៕