អវកាសយានិកអាមេរិក បង្ហោះរូបភាព «សូរ្យគ្រាស» ដែលថតបានពីលើទីអវកាស

129


(បរទេស)៖ អវកាសយានិកម្នាក់របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហោះរូបភាពដ៏អស្ចារ្យប៉ុន្មានសន្លឹក ដែលបង្ហាញអំពីទិដ្ឋភាព «បាតុភូតសូរ្យគ្រាស» កើតឡើងកាលពីម្សិលមិញ ដោយថតបានពីលើទីអវកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។

លោក Chris Cassidy ដែលជាអវកាសយានិក NASA កំពុងស្ថិតនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) បានបង្ហោះរូបភាពទាំងនោះនៅលើ​​បណ្តាញទំនាក់ទំនងសង្គម Twitter។ នៅក្នុងរូបភាពទាំងនោះ យើងឃើញស្រមោលមួយដុំធំរបស់ព្រះច័ន្ទ ស្ថិតនៅលើផ្ទៃរបស់ភពផែនដី។ ​បើតាមលោក Cassidy ក្រុមអវកាសយានិកនៃស្ថានីយ ISS បានថតយកទិដ្ឋភាពនេះ ពេលដែលស្ថានីយគោចរឆ្លងកាត់ចំពីលើប្រទេសចិន​។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញ បាតុភូតសូរ្យគ្រាសហៅថា «Annular Solar Eclipse» បានកើតមានឡើង ដោយប្រទេសដែលអាច​មើលឃើញបាតុភូតនេះ ក្នុងលក្ខណៈពេញលេញតែម្តងនោះ គឺផ្នែកមួយចំនួននៃទ្វីបអាហ្រ្វិកនិងអាស៉ី។ Annular Solar Eclipse ជាបាតុភូត​សូរ្យគ្រាស ដែលព្រះច័ន្ទបាំងព្រះអាទិត្យមិនជិតទាំងស្រុងនោះឡើយ គឺនៅសល់គែមរបស់ព្រះអាទិត្យ មើលទៅដូចជាចិញ្ចៀនភ្លើងមួយ​នៅលើផ្ទៃមេឃយ៉ាងដូច្នោះ៕

Freshnews