នៅ​អាល្លឺម៉ង់ ដោយសារក្លិន​ទុរេន​ ធ្វើ​ឲ្យក្រុមការងារ​នៅ​ប្រៃសណីយ៍ជាច្រើននាក់ ចូលសម្រាកនៅមន្ទីរពេទ្យ

122


(អាល្លឺម៉ង់)៖ បុគ្គលិកប្រៃសណីយ៍ជនជាតិអាល្លឺម៉ង់ចំនួន ១២នាក់ បានទទួលការព្យាបាលហើយ ខណៈមនុស្សជាច្រើនផ្សេងទៀតត្រូវបានគេជម្លៀសចេញ ដោយសារតែកញ្ចប់អីវ៉ាន់សង្ស័យមួយមានជះក្លិនតែពួកគេពិបាកទ្រាំ ប៉ុន្តែតាមការពិតទៅ វាគ្រាន់តែជាកញ្ចប់ផ្ទុកផ្លែទុរេនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

មន្ត្រីប៉ូលីស និងក្រុមអ្នកសង្គ្រោះបន្ទាន់ត្រូវបានគេបញ្ជូន ទៅកាន់ការិយាល័យប្រៃសណីយ៍មួយ នៅក្នុងទីក្រុង ស្កាវែនហ្វឺត (Schweinfurt) ក្នុងរដ្ឋបាវ៉ារៀ របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីបុគ្គលិកបានកត់សំគាល់ថា មានក្លិនចម្លែកចេញពីកញ្ចប់អីវ៉ាន់មួយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានប៉ូលិស Schweinfurt បានលើកឡើងថា «ដោយសារតែយើងមិនបានដឹងពីមូលហេតុពិតប្រាកដថា តើកញ្ចប់សង្ស័យនោះអាចបង្កហានិភ័យខ្ពស់នោះទេ ដូចនេះហើយទើបយើងបានជម្លៀសបុគ្គលិកប្រហែលជា ៦០នាក់ចេញពីអគារទាំងមូល មុនពេលដែលមន្ត្រីជំនាញ ចាប់ផ្តើមធ្វើការពិនិត្យទៅលើកញ្ចប់អីវ៉ាន់ ដែលសង្ស័យនោះយ៉ាងយកចិត្តទុកដាក់បំផុត»។

បន្ថែមពីខាងលើនេះ រថយន្តសង្គ្រោះ ០៦គ្រឿងត្រូវបានបញ្ជូនកាន់កន្លែងកើតការណ៍ និងក្រុមពន្លត់អគ្គីភ័យមកពីនាយកដ្ឋានបីផ្សេងគ្នា ក៏មានវត្តមាននៅទីនោះដែរ។ មន្ត្រីប៉ូលីសនៅក្រុង Schweinfurt បាននិយាយថា បុគ្គលិកប្រៃសណីយ៍ចំនួន ១២នាក់ បានត្អូញត្អែរពីអការៈចង់ក្អួតចង្អោរ និងត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យ។

តាមការពិនិត្យយ៉ាងប្រុងប្រយ័ត្ន ស្របតាមបទដ្ឋានបច្ចេកទេស វាគឺជាកញ្ចប់ដែលមានផ្ទុកផ្លែធូរេនពីប្រទេសថៃ ចំនួន ០៤ផ្លែដែលអ្នកស្រុកអាយុ ៥០ឆ្នាំម្នាក់បានផ្ងើទៅផ្ទះមិត្តម្នាក់ នៅទីក្រុងណឺរេមប៊ែក ហើយនៅទីបំផុតកញ្ចប់ដែលមានផ្ទុកផ្លែទុរេននោះ ត្រូវបានគេបញ្ជូនទៅកាន់គោលដៅរបស់វា។

គួរបញ្ជាក់ថា ផ្លែឈើដែលធ្វើឲ្យគេភ័យគ្រប់គ្នានេះ មានប្រជាប្រិយភាពខ្លាំងណាស់ នៅទូទាំងអាស៊ីអាគ្នេយ៍ ប៉ុន្តែដោយសារតែរូបរាងដ៏ចម្លែក និង ក្លិនដ៏ពិសេសរបស់វាទើបធ្វើឲ្យមនុស្សជាច្រើនមិនចូលចិត្តវានោះទេ ជាពិសេសប្រទេសលោកខាងលិច។ លើសពីនេះទៅទៀត មនុស្សជាច្រើននៅអឺរ៉ុប ថែមទាំងបានប្រៀបធៀបផ្លែទុរេនទៅនឹងអាហាររលួយ ឬ ស្រោមជើងស្អុយជាដើម។

នេះមិនមែនជាលើកទីមួយទេ ដែលផ្លែធូរេនបានបង្កឱ្យមានភាពភ្ញាក់ផ្អើល ដោយកាលពីឆ្នាំមុនបុគ្គលិកនៃបណ្ណាល័យមួយ របស់សាកលវិទ្យាល័យ កង់បេរ៉ា (Canberra) ក្នុងប្រទេសអូស្ត្រាលី ត្រូវបានបង្ខំឲ្យជម្លៀសបុគ្គលិកចេញពីអាគារ ដោយសារសង្ស័យថាមានការលេចធ្លាយឧស្ម័ន ប៉ុន្តែតាមពិតគ្រាន់តែជាក្លិនចេញពីផ្លែទុរេនប៉ុណ្ណោះ។ រឿងស្រដៀងគ្នាមួយទៀត នោះគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ យន្តហោះឥណ្ឌូណេស៊ីមួយគ្រឿងបង្ខំចិត្តចុះចតជាបណ្តោះអាសន្ន បន្ទាប់ពីអ្នកដំណើរត្អូញត្អែរអំពីក្លិនផ្លែទុរេន នៅក្នុងកាប៊ីនរបស់យន្តហោះ៕

Freshnews