ប្រធានក្លិប បញ្ជាក់ថា Messi នឹងបញ្ចប់អាជីពបាល់ទាត់ជាមួយ Barcelona

34


(បាសេឡូណា)៖ លោក Josep Maria Bartomeu បានច្រានចោលរបាយការណ៍ដែលថា កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ៣៣ឆ្នាំ Lionel Messi មិនមានបំណងបន្តកិច្ចសន្យាថ្មី នៅពេលដែលផុតកំណត់នៅឆ្នាំ២០២១ ហេីយថារូបគេ នឹងបញ្ចប់អាជីពបាល់ទាត់នៅទីនេះទៀតផង។

លោក Bartomeu បានប្រាប់បណ្តាញព័ត៌មានអេស្ប៉ាញ Movistar ថា យើងកំពុងចរចាជាមួយកីឡាករជាច្រើន ប៉ុន្តែ Messi បានពន្យល់យើងថា គាត់ចង់ស្នាក់នៅទីនេះបន្ត។ ដូច្នេះយើងនឹងរីករាយជាមួយគាត់យូរជាងនេះទៅទៀត។

លោក Bartomeu បានថ្លែងបែបនេះ បន្ទាប់ពីក្រុមរបស់កាតាឡាន់ឈ្នះ ៤-១ នៅ LaLiga នៅក្នុងផ្ទះក្រុម Villarreal ដែលបានធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីក្រុមកំពូលតារាងមកនៅ Real Madrid ត្រឹម៤ពិន្ទុដដែល។

មួយវិញទៀត ប្រធានក្លិបខាងលើក៏បានធ្វើការរិះគន់ទៅប្រព័ន្ធ VAR ចាប់តាំងពីបានវិលត្រឡប់មកប្រកួតវិញ ក្រោយវិបត្តិ Covid-19 ដោយលើកឡើងថា វាមិនមានភាពស្មើគ្នា ទេដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងលទ្ធផល ហើយវាមើលទៅដូចជាវាតែងតែពេញចិត្តនឹងក្រុមដដែលពេក។

ជាការឆ្លើយតប លោក Zinedine Zidane គ្រូបង្វឹករបស់ Real Madrid ក៏បាននិយាយថា លោកពិតជានឿយហត់នឹងជ័យជំនះរបស់ក្រុមលោកដែលកំពុងរងការរិះគន់បែបនេះណាស់ ដ្បិតដឹកនាំ ៦ប្រកួតមិនដែលចាញ់ និងថាដោយសារមាន VAR ជួយនោះ៕

Freshnews