អាមេរិកបំបែកកំណត់ត្រាថ្មី មានអ្នកឆ្លង COVID-19 ច្រើនបំផុតជាង ៦០,០០០នាក់ក្នុង១ថ្ងៃ!

41


(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបំបែកកំណត់ត្រាថ្មីមួយទៀត នោះគឺការរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅជាង ៦០,០០០នាក់ នៅក្នុងពេលតែមួយថ្ងៃដែលជាអត្រាឆ្លងខ្ពស់បំផុត មិនធ្លាប់មានពីមុនមកឡើយ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។

ការផ្ទុះចំនួនអ្នកឆ្លងកើនឡើងវិញ និងត្រូវបានចាត់ទុករួចទៅហើយថា ជាការផ្ទុះជំងឺ COVID-19 រលកទី ២ នៅអាមេរិកពេលនេះ ត្រូវបានគេមើលឃើញថា បណ្តាលមកពីការបើកទ្វាររដ្ឋនានាឡើងវិញលឿនពេក និងជាពិសេសនោះគឺបាតុកម្មផ្ទុះស្ទើរទូទាំងប្រទេស ចាប់តាំងពីចុងខែឧសភា។

នៅក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗទាំងជាង ៦០,០០០នាក់ខាងលើនេះ គឺជិត ១០,០០០នាក់នៅរដ្ឋផ្លូរីដា, ជាង ៩,៥០០នាក់នៅរដ្ឋតិចសាស់ និងជាង ៨,៥០០នាក់នៅរដ្ឋកាលីហ្វ័រញ៉ា។ ដោយឡែកសម្រាប់អ្នកស្លាប់វិញ ក៏ត្រូវបានរាយការណ៍ថាមានជាង ៩០០នាក់ទៀតផងដែរ នៅក្នុងរយៈពេលមួយថ្ងៃដូចគ្នា។

គួរបញ្ជាក់ថា គិតតាមតួលេខចុងក្រោយ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជាង ៣.១លានករណី ក្នុងនោះស្លាប់ជាង ១៣.៤ម៉ឺននាក់ និងជាសះស្បើយឡើងវិញជិត ១.៤លាននាក់៕

Freshnews