Man Utd ខកខានឡើង Top-4 ក្រោយរបូតគ្រាប់បាល់ចុងម៉ោង ពេលស្មើ Southampton ២-២

37


(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បាននិយាយថា កីឡាកររបស់គាត់នឹងធ្វើឲ្យបានល្អជាងនេះ បន្ទាប់ពីពួកគេបានខកខានឱកាស ដើម្បីឡើងទៅកាន់តំណែង Top-4 នៃក្របខណ្ឌ Premier League តាមរយៈការរកបានគ្រាប់បាល់តាមស្មើ ២-២ Southampton នៅនាទីចុងម៉ោង។

Man Utd បាននាំមុខ ២-១ នៅនាទី៧៣ មុនពេលកីឡាករបម្រុង Michael Obafemi រកបានគ្រាប់តាមស្មើនៅនាទី៩០+៦ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Jan Bednarek។

កីឡាករ Stuart Armstrong បានជួយឲ្យ Southampton នាំមុខនៅនាទី១២ ប៉ុន្តែត្រូវបាន Anthony Martial បានបង្កើតឱកាសឲ្យខ្សែប្រយុទ្ធ Marcus Rashford ដើម្បីតាមស្មើ មុនពេលបាញ់គ្រាប់ទី២ ដ៏អស្ចារ្យសម្រាប់ក្រុមបិសាចក្រហម នៅនាទី៧៣។

ក្រុមរបស់លោក Solskjaer នឹងលេងដូចវគ្គផ្តាច់ព្រ័ត្រសម្រាប់ ៣ប្រកួតដែលនៅសល់ ដើម្បីប្រជែងតំណែងកំពូលតារាងទាំង៤ ដែលមាន Chelsea និង Leicester សម្រាប់កៅអីក្របខណ្ឌ Champions League រដូវកាលក្រោយ។

លោក Solskjaer បានថ្លែងប្រាប់ BBC ថា ចិត្តគំនិតពិតជាអស្ចារ្យណាស់។ យើងមានការខកខានខ្លះៗនៅរដូវកាលនេះ។ នេះគឺជាបញ្ហាប្រឈមមួយផ្សេងទៀតសម្រាប់យើង។

លោកថា ខ្ញុំមានជំនឿចិត្តយ៉ាងខ្លាំងចំពោះចិត្តគំនិតរបស់កីឡាករ។ ខ្ញុំពិតជាខកចិត្តណាស់ ប៉ុន្តែអ្នកត្រូវតែទទួលយកការខកចិត្តក៏ដូចជាភាពវិជ្ជមាន។ យើងបានរៀនមេរៀនដ៏លំបាកមួយ។ យើងនឹងដាក់វាឲ្យត្រឹមត្រូវ។ ខ្ញុំទុកចិត្តកីឡាករក្មេងៗទាំងនោះ ថា ពួកគេនឹងអាចធ្វេីបាន។

គួរបញ្ជាក់ផងថា Manchester United នៅតែមានឱកាសឡេីងទៅលេង Champions League នៅរដូវកាលក្រោយ ប្រសិនបើពួកគេឈ្នះ ៣ប្រកួតចុងក្រោយរបស់ពួកគេ នៅពេលធ្វើដំណើរទៅកាន់កីឡដ្ឋាន King Power ដើម្បីជួបជាមួយ Leicester នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ៕

Freshnews