វៀតណាមរកឃើញករណីកូវីដ១៩ នៅក្រុងដាណាងចំនួន ៧នាក់ បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍

37


វៀតណាម៖ បើយោងតាមការចុះផ្សាយរបស់ Vietnam Insider នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៧ ករណីបន្ថែមទៀត ហើយទាំងអស់ជាករណីក្នុងសហគមន៍ ដែលនាំឱ្យវៀតណាមមានករណីសរុបចំនួន ៤៣៨ ករណី។ យោងតាមក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំនោមករណីថ្មីទាំង ៧ មានករណីចំនួន ៤ បានផ្សារភ្ជាប់ទៅនឹងមន្ទីរពេទ្យក្រុងដាណាង និងចំនួន ១ ករណី បានទាក់ទងទៅនឹងមជ្ឈមណ្ឌល សម្រាប់ការរៀបអាពាហ៍ពិពាហ៍ For You Place ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ចាប់តាំងពីមានករណីក្នុងសហគមន៍តាំងពីថ្ងៃសៅរ៍ អាជ្ញាធរបានដាក់ការបិទទ្វាររយៈពេល ១៤ថ្ងៃ សម្រាប់មន្ទីរពេទ្យក្រុងដាណាង ដែលជាកន្លែងអ្នកជំងឺ COVID-19 ធ្លាប់បានទៅទីនោះ។ ទីក្រុងទាំងមូលក៏បានប្រកាសឈប់ទទួលភ្ញៀវទេសចរជាបណ្តោះអាសន្នក្នុងរយៈពេល ១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ ហើយបានស្នើសុំឱ្យប្រជាជនរបស់ខ្លួនពាក់ម៉ាស់ពេលចេញទៅក្រៅ រក្សាគម្លាតពីគ្នានៅពេលមានទំនាក់ទំនងជាមួយអ្នកដទៃ និងជៀសវាងការប្រមូលផ្តុំមនុស្សច្រើនជាង ៣០នាក់។

ទីក្រុងក៏បានបញ្ជាឱ្យផ្អាកពិធីសាសនា ព្រឹត្តិការណ៍កីឡា និងព្រឹត្តិការណ៍ដទៃទៀត ដែលមានមនុស្សជាច្រើនប្រមូលផ្តុំគ្នានៅតាមទីសាធារណៈ ក៏ដូចជាការបិទអាជីវកម្មជាបណ្តោះអាសន្នដែលមិនចាំបាច់ដូចជា៖ មជ្ឈមណ្ឌលកម្សាន្ត ខារ៉ាអូខេ ហាងកែសម្ផស្ស និងហាងស្ប៉ា។ សិស្សតូចៗ និងសិស្សសាលាមត្តេយ្យ វិទ្យាល័យ និងសិស្សតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសានៅក្នុងទីក្រុង សុទ្ធតែត្រូវនៅផ្ទះសិនទាំងអស់ ចាប់ពីថ្ងៃអាទិត្យរហូតដល់មានការជូនដំណឹងបន្ថែម។

សរុបករណីក្នុងសហគមន៍ទាំងអស់របស់វៀតណាម ដែលត្រូវបានរកឃើញចាប់តាំងពីថ្ងៃសៅរ៍អាទិត្យមុនគឺមាន ២២នាក់ ដោយក្នុងនោះមាន ១នាក់ មកពីខេត្ត Quang Ngai និងក្រៅពីនោះគឺរកឃើញនៅក្រុងដាណាងទាំងអស់៕

Khmernote