Xavi អតីតកីឡាករ FC Barcelona បានជាសះស្បើយពីវីរុស COVID-19 ហើយ

33


(ដូហា)៖ អតីតកីឡាករខ្សែបម្រើអេស្ប៉ាញ និងក្លិបអាជីព FC Barcelona លោក Xavi Hernandez នៅពេលនេះ បានជាសះស្បើយពីវីរុស COVID-19 ហើយ និងបានត្រឡប់ទៅកាន់គេហដ្ឋានវិញដែរ ដើម្បីបន្តការងារជាគ្រូបង្វឹកក្រុមបាល់ទាត់ Al Sadd ដែលស្ថិតក្នុងលីគកំពូលនៃប្រទេសកាតា។ នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

អ្នកចាត់ការទូទៅក្រុម Al Sadd ខាងលើនេះ បានលើកឡើងក្រោយត្រឡប់ទៅកាន់គេហដ្ឋានថា «លោកពិតជាអរគុណច្រើនចំពោះសារលិខិតដែលបានផ្ញើទៅកាន់លោកនៅក្នុងថ្ងៃនេះ។ ខ្ញុំចង់ចែករំលែកជាមួយអ្នក ចំពោះការវិលត្រឡប់ទៅកាន់ផ្ទះ ដើម្បីបានជួបជុំគ្រួសារវិញ និងចាប់ផ្តើមការងារឡើងវិញដែរ»។

បុរសវ័យ ៤០ឆ្នាំ សញ្ចាតិអេស្ប៉ាញ Xavi បានប្រកាសកាលពីថ្ងៃសៅរ៍ លោកតេស្តវិជ្ជមាន COVID-19 បន្ទាប់ពីការត្រួតពិនិត្យជាចាំបាច់ទៅលើកីឡាករ និងបុគ្គលិកនៅក្នុងក្រុមកំពូលរបស់កាតា ដែលធ្វើឲ្យលោកបានខកខានដឹកនាំ Al Sadd ក្នុងជ័យជម្នះ ២-១ លើក្រុម Al Khor SC នៃលីគ Qatar Stars League កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

ជាការពិតណាស់ ៤ភាគរយនៃប្រជាជនកាតាសរុប ២.៧៥លាននាក់ បានឆ្លង COVID-19។ ពោលគឺមានមនុស្ស ១១០,១៥៣នាក់ បានឆ្លងជំងឺនេះចាប់តាំងពីបានផ្ទុះឡើង និងធ្វើឲ្យកាតាក្លាយជាប្រទេសមានអត្រាអ្នកឆ្លងខ្ពស់បំផុត ក្នុងចំណោមប្រទេសស្ថិតក្នុងតំបន់ឈូងសមុទ្រ និងមានតែ ១៦៩ករណីបានស្លាប់ ដែលជាចំនួនទាបបំផុតមួយលើពិភពលោក ក្នុងចំណោម ១០៦,៨៤៩ករណី បានជាសះស្បើយ៕

Freshnews