ព្រឹត្តិការណ៍កីឡាវាយកូនបាល់ Madrid Open ត្រូវលុបចោលវិញ ដោយសារ COVID-19 កើនឡើង

99


(អេស្ប៉ាញ)៖ អ្នករៀបចំព្រឹត្តិការណ៍កីឡាវាយកូនបាល់ (Tennis) Madrid Open របស់អេស្ប៉ាញ បានទទួលការណែនាំ ពីអាជ្ញាធរសុខាភិបាលក្នុងតំបន់ មិនឲ្យមានការរៀបចំព្រឹត្តិការណ៍ ដែលគ្រោងនឹងធ្វើឡើង នៅខែក្រោយនោះទេ ដោយសារតែករណីឆ្លងវីរ៉ុស COVID-19 មានការកើនឡើង នៅក្នុងរដ្ឋធានីរបស់អេស្ប៉ាញ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១ ខែសីហានេះ។

ព្រឹត្តិការណ៍ Madrid Open គ្រោងនឹងរៀបចំធ្វើឡើងវិញ ចាប់ពីថ្ងៃទី១២-២០ ខែកញ្ញា ទាំងការប្រកួតផ្នែកបុរសនិងនារី។ វាគឺជាការប្រកួតដ៏សំខាន់មួយ សម្រាប់កីឡាករ ត្រៀមខ្លួនក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍ French Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែកញ្ញា។

អេស្ប៉ាញ គិតមកទល់ពេលនេះ មានករណីឆ្លងវីរ៉ុស COVID-19 ជាង៣០៦,៣៧០ករណី។

គួរបញ្ជាក់ថា រដូវកាលប្រកួតកីឡាវាយកូនបាល់អាជីពរបស់អេស្ប៉ាញ គ្រោងនឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីបានផ្អាករយៈពេល៥ខែ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19៕