ល្ងាចនេះនឹងមាន ពិធីរាប់ថយក្រោយ ១០០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

100


ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បានកំណត់​យក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​នេះ ដើម្បី​ប្រារព្ធ​កម្មវិធី​ដ៏​ធំ​មួយ​ស្តីពី​ការប្រកាស​ពានរង្វាន់​ជូន​ជ័យលាភី​ស្លាក​សញ្ញា​-​និមិត្តសញ្ញា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ និង អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ និង​ពិធី​រាប់​ថយក្រោយ​ចំនួន ១០០០​ថ្ងៃ ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន​CAMSOC នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​គូសបញ្ជាក់ថា តាម​ការគ្រោងទុក​ពិធី​នេះ​នឹងត្រូវ​ធ្វើឡើង នា​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៧ សីហា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC​។​

ចំពោះ​របៀបវារៈ​សំខាន់ៗ​រួមមាន​៖ ការគោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, របាំ​ជូនពរ​, សន្ទរកថា​ស្វាគមន៍​ដោយ​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC, មតិ​សំណេះសំណាល និង​ការផ្តល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​, ពិធី​ប្រកាស​បេក្ខជន បេ​ក្ខ​នារី ដែលជា​ម្ចាស់​ជ័យលាភី ស្លាក​សញ្ញា​-​និមិត្តសញ្ញា ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ និង​ជូន​រង្វាន់​លើកទឹកចិត្ត​។ ចំណាប់អារម្មណ៍​របស់​ជ័យលាភី ការសម្តែង​សិល្បៈ និង​ពិធី​រាប់​ថយក្រោយ ១០០០​ថ្ងៃ សន្ធឹក​ស្គរជ័យ​។ ចំពោះ​បាវចនា​របស់​សី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម គឺ «​កីឡា​រស់ក្នុង​សន្តិភាព​-SPORT LIVE IN PEACE»​។​

​សូមបញ្ជាក់ថា ដំណើរ​ឆ្ពោះទៅ​រៀបចំ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​ចាប់​រាប់​ពីថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ តទៅ​រហូតដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​ពិធី​បើក​ជា​ផ្លូវការ មាន​ចំនួន​១០០០​ថ្ងៃ​គត់​។ រីឯ​ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (​កីឡា​ជនពិការ​) លើក​ទី​១២ ឆ្នាំ​២០២៣ បន្ទាប់ពី​បញ្ចប់​ស៊ី​ហ្គេម លើក​ទី​៣២ រយៈពេល​ជាង​១០​ថ្ងៃ ដែលមាន​កាលបរិច្ឆេទ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៣៕ CEN