ក្រសួងអប់រំសម្រេចឲ្យសិស្សថ្នាក់ទី០៩ និងថ្នាក់ទី១២ នៃសាលារដ្ឋ ចូលរៀនឡើងវិញនៅខែក្រោយ ខណៈការប្រឡងសញ្ញាបត្របាក់ឌុបថ្នាក់ជាតិ ធ្វើឡើងនៅខែធ្នូ

71


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅកំលុងខែកញ្ញា ឆ្នាំ២០២០ ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាកឌុប) ថ្នាក់ជាតិ នឹងត្រូវធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ។

យោងតាមសចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានបញ្ជាក់ថា «ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងបេក្ខជន មេត្តាជ្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅកំលុងខែកញ្ញា ឆ្នាំ២០២០ ក្នុងទ្រង់ទ្រាយតូច ១៥នាក់មួយថ្នាក់ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោក ដើម្បីត្រៀមចូលរួមការប្រឡង។ ក្នុងន័យនេះ ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ នៅខែធ្នូ ឆ្នាំ២០២០ខាងមុខ។ ចំពោះការរៀបចំការសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈសម្រាប់សិស្ស ថ្នាក់ដទៃទៀត ក្រសួងនឹងរៀបចំសេចក្ដីណែនាំតាមក្រោយ»

ក្រសួងអប់រំបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សាឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមជាមួយការប្រឡងថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២០ ជាមួយនឹងសិស្សគ្រឹះស្ថានសិក្សាសាធារណៈ៕

Freshnews