វៀតណាមគ្រោងសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ លើមនុស្សនៅចុងឆ្នាំនេះ

68


យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា វៀតណាមគ្រោងធ្វើតេស្ដសាកល្បងវ៉ាក់សាំងជំងឺ COVID-19 នៅលើមនុស្ស ដែលផលិតដោយវៀតណាមផ្ទាល់ នៅចុងឆ្នាំ២០២០នេះហើយ។ ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា បន្ទាប់ពីការស្រាវជ្រាវនិងការអភិវឌ្ឍវ៉ាក់សាំងការពារ​ជំងឺ COVID-19 ទទួលបានលទ្ធផលវិជ្ជមាននាពេលថ្មីៗនេះ វ៉ាក់សាំងត្រូវបានត្រៀមនឹងចាប់ផ្តើមសាកល្បងលើមនុស្សនៅចុងឆ្នាំនេះ។

ប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំង និងផលិតកម្មជីវសាស្ត្រ VABIOTEC បានមានប្រសាសន៍ថា ដោយសារតែលទ្ធផលវិជ្ជមានត្រូវបានគេមើលឃើញនៅក្នុងការសាកល្បងសត្វថ្មីៗ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអ្នកវិទ្យាសាស្ត្រអង់គ្លេសក្នុងខែកុម្ភៈ ក្រុមហ៊ុនកំពុងស្ថិតនៅក្នុងចំណុចដែលត្រូវការការសាកល្បងវ៉ាក់សាំងលើអ្នកស្ម័គ្រចិត្ត និងក្រុមមនុស្ស។ នៅពេលដែលដំណើរការបានពេញលេញហើយនោះ វាត្រូវបានគេរំពឹងថាទំហំផលិតកម្មនឹងឈានដល់ ១០០លានដូស ក្នុងមួយឆ្នាំ។

ចំណែកវិទ្យាស្ថានវ៉ាក់សាំងនិងជីវសាស្រ្តវេជ្ជសាស្ត្រ (IVAC) នៅកណ្តាលទីក្រុង Nha Trang ក៏បានឱ្យដឹងថា IVAC អាចផលិតវ៉ាក់សាំងបានចំនួន ៣ បាច់ (batch) ដោយជោគជ័យ ដោយការធ្វើតេស្តដំបូងបង្ហាញពីលទ្ធផលវិជ្ជមាននៅចុងខែកក្កដា។ នៅខែកញ្ញា IVAC ត្រូវបានគេរំពឹងថា នឹងផលិតវ៉ាក់សាំងចំនួន ៣ បាច់ ដែលត្រូវប្រើក្នុងដំណាក់កាលទី១ នៃការសាកល្បងគ្លីនិកលើមនុស្សស្ម័គ្រចិត្ត ដែលទំនងជានឹងធ្វើឡើងចាប់ពីខែតុលា ដល់ខែធ្នូឆ្នាំនេះ តាមការគ្រោងទុក។ បើតាមក្រសួងសុខាភិបាលវៀតណាម វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលផលិតនៅក្នុងប្រទេសវៀតណាមដំបូងបង្អស់ នឹងត្រូវដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២១៕

Khmernote