ប្រទេសចិនរាយការណ៍ថា សាច់មាន់ដែលនាំចូលពីប្រេស៊ីលមានភាពវិជ្ជមានជាមួយជំងឺកូវីដ១៩

63


រដ្ឋាភិបាលទីក្រុង Shenzhen ភាគខាងត្បូងរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ បាននិយាយថា សំណាកនៃស្លាបមាន់កក ដែលត្រូវបាននាំចូលពីប្រទេសប្រេស៊ីលបានតេស្តវិជ្ជមានជាមួយជំងឺ COVID-19។ អាជ្ញាធរបាននិយាយថា ពួកគេបានតាមដានភ្លាមៗ និងធ្វើតេស្ដមនុស្សគ្រប់គ្នា ដែលអាចមានទំនាក់ទំនងជាមួយផលិតផលអាហារទាំងនេះ ហើយមិនមាននរណាម្នាក់វិជ្ជមានជាមួយជំងឺទេ។ កាលពីថ្ងៃពុធប្រទេសចិនក៏ទើបតែរាយការណ៍ថា កញ្ចប់បង្គាដែលនាំចូលពីប្រទេសអេក្វាឌ័រ មានដានជំងឺ COVID-19 ផងដែរ។

ចាប់តាំងពីខែកក្កដាទីក្រុងរបស់ប្រទេសចិនជាច្រើនទៀត រួមទាំងទីក្រុងកំពង់ផែ Xiamen និង Dalian ក៏បានរាយការណ៍ពីករណីនានា ដែលជំរុញឱ្យប្រទេសចិនផ្អាកការនាំចូលបង្គាពីអេក្វាឌ័រ។ ប្រទេសចិនក៏បានចាប់ផ្តើមធ្វើការត្រួតពិនិត្យសាច់ និងអាហារសមុទ្រយ៉ាងយកចិត្តទុកដាក់នៅកំពង់ផែធំៗ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺ COVID-19 កាលពីខែមិថុនា។ ការផ្ទុះឡើងនោះត្រូវបានផ្សារភ្ជាប់ទៅនឹងផ្សារ Xinfadi ដែលជាទីផ្សារលក់ដុំអាហារនៅទីក្រុងប៉េកាំង ដោយមានករណីជាច្រើនទាក់ទងនឹងកម្មករចំណាកស្រុក ដែលមានចំណូលទាបនៅភោជនីយដ្ឋានក្បែរៗ៕

Khmernote