Bayern Munich លេីកពាន UCL ជាលេីកទី៦ ក្រោយឈ្នះ Paris ១-០ នៅវគ្គផ្តាច់ព្រ័ត្រ

46


(ក្រុងលីស្បោន)៖ នៅទីបំផុតក្រុមបាល់ទាត់ Bayern Munich របស់អាលឺម៉ង់បានគ្រងតំណែងជេីងឯក UEFA Champions League ឆ្នាំ២០២០ នេះ បន្ទាប់ពីបានយកឈ្នះគូប្រជែង Paris Saint-Germain របស់បារាំងត្រឹមលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។ នេះយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

ការប្រកួតដែលត្រូវបានធ្វេីឡេីងនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់នារាត្រីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០ ជាទីដែលត្រូវបានផ្លាស់ប្តូរពីប្រទេសតួកគី ដោយសារតែវិបត្តិ Covid-19 តាមគម្រោងត្រូវធ្វេីឡេីងនៅទីក្រុង Istanbul សម្រាប់វគ្គផ្តាច់ព្រ័ត្រឆ្នាំនេះ។

កីឡាករខ្សែបម្រេី Kingly Coman ជាអ្នកតែតគ្រាប់ជ័យជម្នះផុតដៃអ្នកចាំទី Keylor Navas នៅនាទី៥៩ ក្រោយទទួលបាល់ពីខ្សែការពារ Joshua Kimmich។

Bayern Munich បានបញ្ចប់ការរង់ចាំអស់រយ:ពេល ៧ឆ្នាំក្នុងការវិលមកគ្រងជេីងឯកពានលីគអឺរ៉ុបជាលេីកទី៦ ក្រោយឈ្នះចុងក្រោយកាលឆ្នាំ២០១៣ នៅប្រទេសអង់គ្លេស វ៉ាដាច់កំណត់ត្រានៃក្រុម FC Barcelona របស់អេស្ប៉ាញ ដែលឈ្នះបាន ៥ដង។

តែយ៉ាងណា ក្រុមជេីងឯកលីគបារាំង Paris បានបន្តការខកចិត្តក្នុងការព្យាយាមឈ្នះ UEFA Champions League ជាលេីកទី១ ក្រោយពីការឡេីងមកដល់វគ្គ Final ជាលេីកដំបូងទៀតផងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

Paris បានក្លាយជាក្រុមទី៥ ក្នុងចំណោម ៦ក្រុមរបស់បារាំងដែលបានឡេីងមកដល់វគ្គផ្តាច់ព្រ័ត្រដែលទទួលការខកចិត្ត មានតែក្រុម Marseille មួយគត់ដែលបានសម្រេចក្នុងពានលំដាប់កំពូលអឺរ៉ុបមួយនេះ៕

Freshnews