ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីម្នាក់ លើជនជាតិឥណ្ឌណេស៊ី ខណៈករណីជាសះស្បើយមិនមាននោះទេ

35


(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ម្នាក់ទៀត លើបុរសជនជាតិឥណ្ឌូណេស៊ី ខណៈករណីព្យាបាលជាសះស្បើយមិនមាននោះទេ។

សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលបញ្ជាក់ទៀតថា បុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៦ឆ្នាំ ដែលរកឃើញវិជ្ជមានកូវីដ១៩នេះ មានអាសយដ្ឋានស្នាក់ នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បានបន្តជើងហោះហើរនៅប្រទេស សាំងហ្គាពួ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ មានលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

គួរកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១១៣នាក់ (ស្រី២៣នាក់) ដែលក្នុងចំនួននេះ មានបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ២៦ឆ្នាំខាងលើ។ រីឯអ្នកដំណើរចំនួន ១១២នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន២ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន៤៩នាក់ សណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញចំនួន៦២នាក់ និងនៅស្ថានទូតសិង្ហបុរីចំនួន១នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨១នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៦នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន០៥នាក់៕