សមត្ថកិច្ច​ចុះ​បង្ក្រាប​សិប្បកម្ម​ផលិត​បារី ​និង​នំ​បុ័ង​ប្រេ​ន​ ២​កន្លែង​សង្ស័យ​ធ្វើ​អាជីវកម្ម​ក្លែងក្លាយ​ខុសច្បាប់

29


​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ នៃ​ក្រសួងមហាផ្ទៃ​ បាន​ចុះ​បង្ក្រាប​សិប្បកម្ម​ផលិត​បារី​ និង​សិប្បកម្ម​ផលិត​នំ​បុ័ង​ប្រេ​ន​ចំនួន​០២​កន្លែង​ផ្សេង​គ្នា​ របស់​ជនជាតិ​ចិន​ សង្ស័យ​ធ្វើ​អាជីវកម្ម​ផលិត​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ក្នុង​ខណ្ឌ​សែន​សុខ​ និង​ខណ្ឌ​ពោធិ៍​សែន​ រាជធានី​ភ្នំពេញ​ ។​

​ប្រតិបត្តិការ​បង្ក្រាប​បាន​ធ្វើ​ឡើង​រយៈពេល​០២​ថ្ងៃ​ក្រោម​ការ​សម្របសម្រួល​នីតិ​វី​ធី​ដោយ​លោក​ ម៉ុ​ត​ ដា​រ៉ា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៧​ ខែតុលា​ កម្លាំង​ចម្រុះ​បាន​ចុះ​ទៅ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង​សិប្បកម្ម​ផលិត​ និង​ចែកចាយ​បារី​មួយ​កន្លែង​សង្ស័យ​ផលិត​បារី​ក្លែងក្លាយ​ខុសច្បាប់​ នៅ​ចំណុច​ផ្លូវ​ហាណូយ​ ភូមិ​ឃ្មួ​ញ​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ដែល​មាន​តំណាង​ម្ចាស់​ឈ្មោះ​ Huang​ Wenyan​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ដោយ​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​វត្ថុ​តាង​ផលិតផល​សម្រាប់​ផលិត​បារី​ចំនួន​១១​ប្រភេទ​ សរុប​ចំនួន​១០៤៨​កេស​ មាន​ទម្ងន់​ប្រហែល​២៥​តោន​ នឹង​បាន​រក​ឃើញ​វត្ថុ​តាង​ឧក​រណ៍​ សម្រាប់​ផ​លិត​បារី​រួម​មាន​ ៖​ ម៉ាស៊ីនបោះពុម្ព​ពណ៌​លើ​កញ្ចប់​បារី​ ចំនួន​០២​គ្រឿង​,​ ម៉ាស៊ីន​កាត់​ក្រដាស​រ៉ុ​កន្ទុយ​ស្នោ​ចំនួន​០២​គ្រឿង​,​ ម្សៅ​ទឹក​ថ្នាំ​ពណ៌​ស​ចំនួន​២៥​កេស​,​ ម្សៅ​ទឹក​ថ្នាំ​ពណ៌​ចម្រុះ​ចំនួន​៨០​បាវ​,​ ម៉ាស៊ីន​កូរទឹក​ថ្នាំ​០១​គ្រឿង​,​ ម៉ាស៊ីន​ពន្លា​កន្ទុយបារី​១៣​គ្រឿង​និង​ទឹក​ថ្នាំ​សម្រាប់​បោះពុម្ព​កញ្ចប់​បារី​១៤៤​ធុង​ ។​

​ដោយឡែក​នៅ​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០២០​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ចុះ​ទៅ​ឆែកឆេរ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​នំ​បុ័ង​០១​កន្លែង​ នៅ​ចំណុច​ភូមិ​ព្រៃ​សាលា​ សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ CHEN​ GANG​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ។​ សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​ជាក់ស្តែង​រក​ឃើញ​ វត្ថុ​តាង​ឧបករណ៍​សម្ភារៈ​និង​វត្ថុធាតុដើម​បម្រើ​ឲ្យ​ការ​ផលិត​នំ​បុ័ង​សរុប​ចំនួន​១៦​ប្រភេទ​ស្មើនឹង​ទម្ងន់​ជាង​២២​តោន​ ។​

​ក្រោយ​ពី​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​រួចរាល់​ឃើញ​ថា​ សិប្បកម្ម​ផលិត​នំ​បុ័ង​ប្រេ​ន​ខាងលើ​ធ្វើ​អាជីវកម្ម​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ គឺ​គ្មាន​ស្លាក​យីហោ​,​ គ្មាន​ប្រកាស​បង្កើត​រោង​សិប្ប​ម្ម​,​ផលិតផល​មិន​ទាន់​យក​ទៅ​ចុះបញ្ជី​វិញ្ញាបនបត្រ​វិភាគ​គុណភាព​ហួស​សុពលភាព​,​ នៅ​លើ​សំបក​វេច​ខ្ចប់​ក្លែង​អាសយដ្ឋាន​,​ គ្មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​ម៉ាក​ផលិតផល​,​ គ្មាន​វិញ្ញាបនបត្រ​ដំណើរការ​សិប្បកម្ម​ ។​

​ការ​បង្ក្រាប​សិប្បកម្ម​ផលិត​បារី​ និង​ផលិត​នំ​បុ័ង​ប្រេ​ន​ទាំង​០២​ខាងលើ​ ក្រោយ​ពី​សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​រួច​ហើយ​ អនុវត្ត​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​បាន​ឃាត់​ទុក​វត្ថុ​តាង​ទាំងអស់​ជា​បណ្តោះអាសន្ន​ដើម្បី​អនុវត្ត​តាម​វិធានការ​ច្បាប់​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ