សូមប្រុងប្រយ័ត្ន! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះចំនួន០២ទៀត ហើយភ្លៀងនឹងបន្តធ្លាក់ជាច្រើនថ្ងៃទៀត

39


យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែតុលា បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជា។ នៅលើសមុទ្រចិនខាងត្បូងបានកើតព្យុះទី១៦ (Tropical Storm) ឈ្មោះ ណាងកា (NANGKA)។ តាមការព្យាករណ៍ព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះហៃណាំ មុននឹងចូលដល់ភាគខាងជើងវៀតណាមនៅថ្ងៃទី១៥ ខែតុលា។ បន្ទាប់ពីនោះ ក្នុងរង្វង់ថ្ងៃទី១៦-១៧ ព្យុះថ្មីមួយទៀតនឹងកើតឡើងដែលរាប់ថាជាព្យុះទី១៧ ឈ្មោះ សូដែល (SAUDEL) ដែលមានកម្លាំងខ្លាំង។ តាមការរំពឹងទុក ព្យុះនេះនឹងចូលប្រទេសវៀតណាមត្រង់ចំណុចគីញើន (Qui Nhon) រួចបន្ថយឥទ្ធិពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលកម្ពុជាយើងតាមខេត្តរតនគិរី នាថ្ងៃទី១៨-១៩ ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប។ ស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុប្រែប្រួល៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ។ នៅថ្ងៃទី១៨-១៩ ខែតុលា បណ្តារាជធានីនៅវាលទំនាបមួយចំនួន ពិសេសនៅភាគពាយ័ព្យ និងភាគខាងជើង នឹងអាចមានភ្លៀងពីបង្គួរទៅច្រើន។

២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៦-២៨អង្សាសេ ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្អួរ។

៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៦-២៨អង្សាសេ ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើន លាយឡំខ្យល់ បក់បោក និងរលកសមុទ្រខ្ពស់ៗ។

ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី១៨-២០ ខែតុលា។ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗចាប់ពីថ្ងៃទី១៦-២០ ខែតុលា៕