សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទចរាចរណ៍លើផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្ន ដោយសារស្ថានភាព ជំនន់ទឹកភ្លៀង ហក់ឡើងខ្លាំង

27


នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹកបានប្រកាសព័ត៌មានមួយស្តីពីស្ថានភាពទឹកនៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈមនឹងជំនន់ទឹកស្ទឹងព្រែកត្នោត ដោយបច្ចុប្បន្នស្ថានភាពទឹកនៅទីនោះ ស្ថិតនៅក្នុងកម្រិតប្រកាសអាសន្នហើយ។

ភ្លាមៗនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអោយបិទចរាចរណ៍នៅលើផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្ន ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀង។

គួរបញ្ជាក់ផងដែរថា ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត ឡើងដល់កម្រិតប្រកាសអាសន្នដោយសារបរិមាណទឹកហូរខ្លាំងមកពីផ្នែកខាងលើចូលក្នុងស្ទឹងព្រែកត្នោតបន្ថែម និងភ្លៀងធ្លាក់ខ្លាំងមុននេះលើសពីកម្រិត ៧២,៨០ មីលីម៉ែត្រ ត្រឹមម៉ោង ១៨:៤០នាទីយប់ បណ្តាលឲ្យកម្ពស់ទឹកនៅទំនប់អាងទឹក៧មករាឡើងខ្ពស់កម្ពស់អតិបរមាកាលពីឆ្នាំ២០១៨ទៅទៀត ដោយកម្ពស់ទឹកនៅទ្វារទឹកខាងមុខពេលនេះ មានកម្ពស់ ៦,៣៤ ម៉ែត្រហូរលើទ្វារទឹកកម្ពស់ ១,៥៤ ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,១០ម៉ែត្រ ដែលកម្ពស់ទឹកស្ទឹងព្រែកត្នោតឆ្នាំនេះ ខ្ពស់ជាង កម្ពស់អតិបរមាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ ដែលមានកម្ពស់ទ្វារទឹកមុខត្រឹម ៥,៨៥ ម៉ែត្រ ហូរលើទ្វារទឹកកម្ពស់ ១,០៥ម៉ែត្រ កម្ពស់ទ្វារទឹកខាងក្រោយ ៨,៥៨ ម៉ែត្រ ប៉ុណ្ណោះ៕