លោក ប្រាយុទ្ធ ចានអូចា បានបញ្ជាក់យ៉ាងច្បាស់ថា បំរាមគោចរអាចត្រូវដាក់ឡើង ប្រសិនបើអ្នកតវ៉ានៅតែបង្កឱ្យមានចលាចល

29


គណៈរដ្ឋមន្រ្តីថៃនៅថ្ងៃសុក្រនេះបានអនុម័តជាផ្លូវការនៃការដាក់ភាពអាសន្ននៅក្នុងទីក្រុងបាងកក នៅក្នុងកិច្ចប្រជុំបន្ទាន់មួយដែលត្រូវបានអំពាវនាវដោយនាយករដ្ឋមន្រ្តី។ ឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចានអូចា បានកោះប្រជុំគណៈរដ្ឋមន្រ្តីនៅម៉ោង ១០ព្រឹក ថ្ងៃសុក្រ ទី១៦ ខែតុលា ដើម្បីពិភាក្សាអំពីក្រឹត្យបន្ទាន់ដែលលោកបានដាក់នៅទីក្រុងបាងកក កាលពីម៉ោង ៤ព្រឹក ថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីមានការតវ៉ាតាមដងផ្លូវនៅក្នុងរាជធានីរបស់ប្រទេស។ លោកឧត្តមសេនីយ៍បានប្រាប់ក្រុមអ្នកយកព័ត៌មានថា បម្រាមគោចរហាមឃាត់ប្រជាជនមិនឱ្យចាកចេញពីផ្ទះនៅពេលយប់អាចនឹងត្រូវបានដាក់ ប្រសិនបើស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។ លោកក៏បានទទូចថាស្ថានការណ៍នេះ មិនធានាចំពោះការប្រកាសប្រើច្បាប់អាជ្ញាសឹកទេ។

ខុទ្ទកាល័យលេខាធិការគណៈរដ្ឋមន្រ្តីបានប្រកាសថា គណៈរដ្ឋមន្រ្តីបានអនុម័តជាផ្លូវការនូវក្រឹត្យបន្ទាន់ក្នុងទីក្រុងបាងកកសម្រាប់រយៈពេលមួយខែ គិតចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ដូចដែលបានស្នើដោយក្រុមប្រឹក្សាសន្តិសុខជាតិ។ យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រឹត្យបន្ទាន់នេះត្រូវបានចេញបន្ទាប់ពីក្រុមមនុស្សដែលហៅខ្លួនឯងថា «Khana Rassadorn 2563» ឬ គណបក្សប្រជាជន២០២០ (2020 People’s Party) បានញុះញង់ប្រជាជនឱ្យចេញមកប្រមូលផ្តុំគ្នានៅទីក្រុងបាងកកជាច្រើនដង។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងអំឡុងពេលនៃការតវ៉ា មេដឹកនាំបាតុកម្មបានធ្វើសកម្មភាពរំលោភច្បាប់ទាក់ទងនឹងការប្រមូលផ្តុំសាធារណៈ និងបានប្រើបណ្តាញជាច្រើន ដើម្បីញុះញង់ឱ្យមានចលាចល រួមទាំងការរារាំងក្បួនដង្ហែព្រះរាជវាំង។ ការប្រមូលផ្ដុំនេះក៏មានប៉ះពាល់វិធានការណ៍នានាដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 ដែលនឹងជះឥទ្ធិពលដោយផ្ទាល់ដល់សេដ្ឋកិច្ចដែលកំពុងផុយស្រួយរបស់ប្រទេស។ ជាមួយនឹងហេតុផលទាំងនេះលោកនាយករដ្ឋមន្រ្តីបានសម្រេចចិត្តប្រកាសក្រឹត្យបន្ទាន់មួយក្នុងទីក្រុងបាងកក ដែលចាប់ផ្តើមពីម៉ោង ៤ព្រឹក ថ្ងៃទី១៥ ខែតុលា តទៅ៕

Khmernote