Ronaldinho តេស្ដវិជ្ជមានជំងឺកូវីដ១៩ ឥលូវកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ

30


អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលគឺលោក Ronaldinho Gaucho (រ៉ូណាល់ឌីញ៉ូ កាវឆូ) បាននិយាយថា គាត់បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយកំពុងនៅដាច់ដោយឡែកពីគេ។ អតីតកីឡាកររបស់ក្លឹប Barcelona និង Paris St Germain រូបនេះ បានកំពុងតែស្ថិតនៅទីក្រុង Belo Horizonte នៅពេលដែលគាត់ត្រូវបានគេរកឃើញថា វិជ្ជមានជាមួយជំងឺ COVID-19 ហើយនៅទីនោះក៏ជាកន្លែងដែលគាត់លេងឱ្យក្រុមក្នុងស្រុកមួយឈ្មោះថា Atletico Mineiro ផងដែរ។

កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ២សម័យ (FIFA World Player) បាននិយាយនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃអាទិត្យថា៖«ខ្ញុំបានមកដល់ BH (Belo Horizonte) កាលពីម្សិលមិញ ខ្ញុំបានធ្វើតេស្តរកជំងឺ COVID-19 ខ្ញុំបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ ខ្ញុំមិនអីនោះទេ ហើយមិនចេញរោគសញ្ញាឡើយ»។

អតីតកីឡាកររបស់ក្លឹប AC Milan, Flamengo និងក៏ដូចជា Gremio រូបនេះបាននិយាយថា គាត់នឹងស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគាររហូតដល់ជំងឺរបស់គាត់បានធូរស្បើយ។ រំលឹកដែរថាកំពូលតារាឆ្នើមរូបនេះ បានចំណាយពេលមួយខែនៅក្នុងគុកក្នុងប្រទេសប៉ារ៉ាហ្គាយ ជាមួយបងប្រុស និងអ្នកគ្រប់គ្រងរបស់គាត់កាលពីដើមឆ្នាំនេះ ក្រោមការចោទប្រកាន់ពីបទចូលប្រទេសដោយកាន់លិខិតឆ្លងដែនក្លែងក្លាយ៕

Khmernote