Pep ចុះកិច្ចសន្យារយៈពេល ២ឆ្នាំទៀត ដើម្បីដឹកនាំក្លិប Manchester City

86


(មេនឆេស្ទើ)៖ លោក Pep Guardiola បានព្រមព្រៀងចុះកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំទៅមុខទៀត ក្នុងការដឹកនាំក្លិប មេឃខៀវ Manchester City ពោលគឺនឹងផុតកំណត់ដល់ឆ្នាំ២០២៣។

ក្លិបអ្នកមានរបស់អង់គ្លេសមួយនេះ បានឈ្នះពានចំនួន៦ មកហើយគិតចាប់តាំងពីបុរសសញ្ជាតិអេស្ប៉ាញ វ័យ ៤៩ឆ្នាំ Pep ចូលមកដឹកនាំកាលពីឆ្នាំ២០១៦ មុនពេលកិច្ចសន្យាចាស់របស់លោកនៅទឹកដី Etihad នឹងផុតកំណត់នៅឆ្នាំ២០២១ ដែលបន្ថែម ២ឆ្នាំទៀតរហូតដល់ឆ្នាំ២០២៣ តែម្តង។

អតីតគ្រូបង្វឹកនៃក្លិប Bayern Munich និង FC Barcelona បានដឹកនាំ Manchester City ឈ្នះជើងឯកពាន Premier League ២សម័យកាលជាប់គ្នាក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ មុនពេលបានត្រឹមរងជើងឯកប៉ុណ្ណោះក្នុងឆ្នាំ២០២០ ដោយបានទៅក្រុមហង្សក្រហម Liverpool ជាមួយនឹងពានផ្សេងទៀតរួមមាន FA Cup, League Cup និង FA Community Shield ជាដើម។

ផ្ទុយពីនេះវិញ Pep មិនទាន់នាំ Man City ឡើងដល់វគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League ម្តងណាឡើយ ដូចដែលលោកធ្លាប់ជោគជ័យនៅក្លិបអេស្ប៉ាញ Barcelona ក្នុងរយៈពេល ៤ឆ្នាំនោះឡើយ មុនលាឈប់ទៅដឹកនាំក្លិប Bayern Munich របស់អាល្លឺម៉ង់នាឆ្នាំ២០១៣៕