កម្ពុជា​ ​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​មេដាយ​ជិត​៣០​ប្រភេទ​កីឡា សម្រាប់​ស៊ី​ហ្គេម ២០២១ នៅ​វៀតណាម​

170


ភ្នំពេញ​៖ ការប្រកួត​កីឡា​ស៊ី​ហ្គេម នា​ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​បានកំណត់​បង្ហាញ​ត្រៀម​ដាក់​ប្រភេទ​កីឡា​ចំនួន​៤០ ប្រមាណ​៥០០​វិញ្ញាសា ហើយ​កម្ពុជា​បាន​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​មេដាយ​ជិត​៣០​ប្រភេទ​កីឡា ដែល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រមូលផ្តុំ​ត្រៀមលក្ខណៈ​ក្រុម​ជម្រើសជាតិ​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) មានប្រសាសន៍ថា នៅក្នុង​ការដាក់​ប្រភេទ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​នេះ គឺមាន​ប្រភេទ​កីឡា​សក្តានុពល​របស់​ក​ម្ពុ​ជា​ភាគច្រើន​ដែរ ដូចជា​ប្រភេទ​កីឡា​ប៉េតង់ វ៉ូ​វី​ណា​ម តេ​ក្វាន់​ដូ WT ជឺ​ជី​តស៊ូ ជាដើម ប៉ុន្តែ​នៅក្នុង​ប្រភេទ​កីឡា​សក្តានុពល​ទាំងនោះ ដូចជា​ប៉េតង់ និង​វ៉ូ​វី​ណា​ម គឺ​ម្ចាស់ផ្ទះ​បាន​ត្រៀម​ដាក់​វិញ្ញាសា​បាន​តិច ដោយ​មិន​គ្រប់​ចំនួន​នៃ​វិញ្ញាសា​ទាំងអស់​ដែល​គេ​ដាក់​ឲ្យ​ប្រកួត​នៅលើ​ពិភពលោក​នោះទេ​។ ដូច្នេះ​ការដាក់​វិញ្ញាសា​មិន​គ្រប់​នឹងធ្វើ​ឲ្យ​បាត់ បង់​ការប្រកួតប្រជែង​មេដាយ​មិនបាន​ច្រើន​ទៅតាម​នោះដែរ ដែល​នេះ​ជា​ផល​លំបាក​មួយ​ដែរ ពីព្រោះថា ចំនួន​វិញ្ញាសា គឺជា​ចំនួន​មេដាយ​។​

ឯកឧត្តម​អគ្គលេខាធិការ​រំពឹងថា ការដណ្តើម​មេដាយមាស នៅក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​នឹង​កើនឡើង​ច្រើនជាង​កាលពី ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ដោយ​ប្រភេទ​កីឡា​សក្តានុពល​របស់​ក​ម្ពុ​ជាមាន​ភាគច្រើន​ដែរ​។​

​នៅក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ការជំរុញ​ការហ្វឹកហាត់​បច្ចេកទេស​របស់​ក្រុម​ជម្រើសជាតិ​កំពុង​ជួប​បញ្ហា​ច្រើន​ដែរ ដោយសារតែ​ការហ្វឹកហាត់​ប្រមូលផ្តុំ​ត្រូវបាន​រំសាយ​ជា​បណ្តោះអាសន្ន ហើយ​បន្ត​ការហ្វឹកហាត់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ដោយ​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​សិទ្ធ​ផល​ក៏​ធ្លាក់ចុះ​ទៅតាម​នោះដែរ​។ ការអភិវឌ្ឍ​បច្ចេកទេស​ជួប​ការលំបាក​ច្រើន ដែល​បច្ចុប្បន្ន​យើង​សង្កេតឃើញថា មានតែ​ប្រភេទ​កីឡា​មួយចំនួន​របស់​កម្ពុជា នៅ​ក្រោ​ប្រទេស​ទេ ដែល​អាច​រក្សា​សិទ្ធ​ផល​បាន ដូចជា​កីឡាការិនី​ជឺ​ជី​តស៊ូ ខាន់ ជេ​សា​, ខេ​ស៊ី នៅ​សហរដ្ឋអាមេរិក​ជាដើម​។ ចំណែកឯ​ការហ្វឹកហាត់​នៅ ក្នុងស្រុក ត្រូវ​រង់ចាំ​ពេលវេលា​ស្ងប់ស្ងាត់​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​នៅក្នុង​រយៈពេល​២-៣​ខែ​ទៅមុខ ឬ​នៅ​ដើមឆ្នាំ​២០២១ យើង​នឹង​ជំរុញ​ការហ្វឹកហាត់​ពិសេស​សម្រាប់​ក្រុម​ជម្រើសជាតិ បើ​មិន​ដូច្នេះ​ទេ​យើង​នឹង​ជួប​ឧ​ប​ស័គ្គ​ច្រើន ក្នុងការ​អភិវឌ្ឍ​បច្ចេកទេស​ហើយ​។

​ឯកឧត្តម​បន្តថា សម្រាប់​ការហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម ២០២១ នៅ​វៀតណាម​នេះ គឺ​ក្រុម​ជម្រើសជាតិ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តែងតែ​ហ្វឹកហាត់​ជាប់លាប់​ជាប្រចាំ ដែល​ធ្វើ​ឲ្យ​កម្រិត​នៃ​ការហ្វឹកហាត់​របស់គេ មានការ​រីកចម្រើន​ល្អ ហើយ​បើ​ប្រៀបធៀប​នឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​មិន​ហ្វឹកហាត់​ប្រមូលផ្តុំ​នេះ គឺមាន​គម្លាត​ឆ្ងាយ​ពីគ្នា ដោយហេតុថា នៅ​ស្រុក​គេ​មានការ​ត្រួតពិនិត្យ ការគ្រប់គ្រង​កីឡាករ កីឡាការិនី​ជម្រើសជាតិ​គេ នៅក្នុង​កន្លែង​ហ្វឹកហាត់​លក្ខណៈ​ប្រមូលផ្តុំ​លើ​ការថែទាំ​គ្រប់គ្រង​ការពារ​ជំងឺ​កូ​វីដ​-១៩​បានល្អ​១០០%​។ នេះ​គឺជា​បញ្ហា​ធំ ដែល​យើង​ខ្វល់ខ្វាយ​មែនទែន ដែល​កម្រិត​នៃ​ក្រុម​ជម្រើសជាតិ​គេ​រុលទៅមុខ រីឯ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ថយ​ម​ក​ក្រោយ ដោយ​នេះ​ជា​កង្វល់​ដ៏​ធំ​នៅក្នុង​កម្រិត​ជំនាញ​បច្ចេកទេស​របស់​យើង​។​

​ដោយឡែក ការត្រៀមខ្លួន​លើ​ប្រភេទ​កីឡា​គុន​ខ្មែរ ដែល​នៅក្នុង​ស៊ី​ហ្គេម គេ​ឲ្យ​ឈ្មោះ​ជា​អន្តរជាតិ​នៅក្នុង​កម្មវិធី​ប្រកួត ស៊ី​ហ្គេម «​មួយ​» (Muay) ដែល​កម្ពុជា​ជា​ប្រធាន​សហព័ន្ធ​«​មួយ​»​អាស៊ី ត្រូវបាន​ម្ចាស់ផ្ទះ វៀតណាម ប្រកាស ទទួលស្គាល់​និង​ផ្តល់​សិទ្ធិ​ឲ្យ​កម្ពុជា​ទទួល​រៀបចំ​ដឹកនាំ​គ្រប់គ្រង​ការប្រកួត​លើ​ប្រភេទ​កីឡាប្រដាល់​មួយ​នេះ នៅក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២១ ដែល​ឯកឧត្តម វ៉ា​ត់ ចំរើន ក្នុងឋានៈ​ជា​ប្រធាន​សហព័ន្ធ​កីឡា​មួយ​អាស៊ី​ចាត់ទុកថា​ជាស​ញ្ញាណ​ដ៏​ល្អ​មួយ សម្រាប់​ការប្រកួតប្រជែង​មេដាយ ដោយមាន​ប្រៀប​។ ប៉ុន្តែ​ការដឹកនាំ​គ្រប់គ្រង​ការប្រកួត​របស់​កម្ពុជា​លើ​ប្រភេទ​កីឡា​គុន មួយ នេះ គឺ​មិន​ឲ្យ​មាន​ភាពអយុត្តិធម៌ ឬ​លម្អៀង​នោះឡើយ ហើយ​បើកាលណា​យើង​រៀបចំ​ឲ្យ​ការប្រកួត​ប្រកបដោយ​ភាពយុត្តិធម៌ គឺ​កម្ពុជា​យើង​មានប្រៀប​លើ​ផ្នែក​បច្ចេកទេស​ស្រាប់ ដែល​នេះ​គឺជា​សញ្ញាណ​ថ្មី​មួយ ក្នុងការ​ស្វែងរក​មេដាយ​កាន់តែ​ច្រើនជាង​ស៊ី​ហ្គេម លើក​មុនៗ ក៏ដូចជា​ការខិតខំ​ធ្វើកា​រ​រៀបចំ​ដោយ​ភាព​ហ្មត់ចត់​ត្រឹមត្រូវ​ច្បាស់លាស់ ដើម្បី​ស្វែងរក​នូវ​ឧត្តមភាព​លើ​ប្រភេទ​កីឡា​គុន​ខ្មែរ​នេះ នៅ​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១ ក៏ដូចជា​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ។​

​សូម​រំឭកថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​ប្រារព្ធ​ធ្វើឡើង​រៀងរាល់​ពីរ​ឆ្នាំ​ម្តងនេះ កាលពី​ឆ្នាំ​២០១៩ ស៊ី​ហ្គេម លើក​ទី​៣០ ប្រទេស​ហ្វីលីពីន គឺ​កម្ពុជា​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨ ក្នុងចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​១១ ដោយ​ដណ្តើមបាន​មេដាយមាស​៤ ប្រាក់​៦ និង​សំរឹទ្ធ​៣៦ សរុប​៤៦ លើ​៣​ប្រទេស​គឺ​ប្រ៊ុយណេ ឡាវ និង​ទី​ម័​រ​ខាងកើត ខណៈ​ម្ចាស់ផ្ទះ​ហ្វីលីពីន ឈរ​នៅ​លេខ​១ មេដាយ​សរុប ៣៨៧, វៀតណាម លេខ​២ មេដាយ​សរុប ២៨៨ និង​ថៃ​ឈរ​នៅ​លេខ​៣ បានឈ្នះ​មេដាយ​សរុប​ចំនួន​៣១៨៕