តើអ្នកដឹងទេ! ប្រទេសណាដែលផ្លាស់ រាជធានី-រដ្ឋធានី ញឹកញាប់ជាងគេ?

116


(បរទេស)៖ ដោយសារតែវិបត្តិសង្គ្រាមឈ្លានពានពីបរទេស ទីតាំងភូមិសាស្ត្រមិនសូវល្អ ពិសេសគឺដោយសារជម្លោះផ្ទៃក្នុងផងនោះ បានធ្វើឱ្យប្រទេសជាច្រើននៅលើពិភពលោកមានការផ្លាស់ប្តូររាជធានី ឬរដ្ឋធានីរបស់ខ្លួនជាញឹកញាប់។ តើអ្នកដឹងទេថា ប្រទេសណាដែលផ្លាស់ប្ដូរទីក្រុងញឹកញាប់ជាងគេនៅលើពិភពលោក?

មានការកត់ត្រាថា ប្រទេសមីយ៉ាន់ម៉ាជាប្រទេសដែលបានផ្លាស់ប្ដូររាជធានី-រដ្ឋធានីរបស់ខ្លួនច្រើនលើកជាងគេ ខណៈនាពេលថ្មីៗនេះ មីយ៉ាន់ម៉ាទើបតែផ្លាស់ប្ដូររដ្ឋធានីរបស់ខ្លួនពីទីក្រុងយ៉ាំងហ្គន (Yangon) ទៅទីក្រុងណៃពិដោ (Naypyidaw) វិញ។

ទីក្រុងសំខាន់របស់នគរបុរាណដែលធ្លាប់មានវត្តមានលើផែនដីមីយ៉ាន់ម៉ាបច្ចុប្បន្ន មានដូចជា ក្រុងបាកាន នៃអាណាចក្របាកាន (Bagan Kingdom) អាណាចក្រនេះកកើតឡើងនៅអំលុងគ្រិស្ដសករាជ ៨៤៩ រហូតដល់រជ្ជកាលព្រះបាទអនុរុទ្ធ (Anawrahta) គ្រិស្ដសករាជ ១០៤៤-១០៧៧ ទើបព្រះអង្គបានពង្រីកទឹកដីរហូតក្លាយជាចក្រភពបាហ្កានដ៏ធំមួយ ដែលមានព្រំប្រទល់ជាប់នឹងចក្រភពខ្មែរ សម័យមហានគរ (ត្រង់បណ្ដោយព្រំប្រទល់ប្រទេសថៃ និងមីយ៉ាន់ម៉ាបច្ចុប្បន្ន) ប៉ុន្តែរហូតដល់រជ្ជកាលព្រះបាទនរសីហបតី (Narathihapate) ចក្រភពនេះក៏បានដួលរលំដោយសារការឈ្លានពានរបស់ចក្រភពម៉ុងហ្គោលនៅគ្រិស្ដសករាជ ១២៨៧។

ក្រៅពីនោះនៅមានក្រុងមីយិនសែង (Myinsaing) ក្រុងមេឃកាយៈ (Mekkhaya) និងក្រុងពញ្លី (Pinle) ក្រុងភីនយ៉ា (Pinya) ក្រុងសាកែង (Sagaing) ក្រុងហង្សាវតី (Hongsawaddi) ក្រុងអង្គវៈ (Ava)។

ចក្រភពតងអ៊ូ (Toungoo Empire) ដែលមានអាយុកាលចាប់គ្រិស្ដសករាជ ១៥១០-១៥៩៩។ ដំបូងឡើយ អាណាចក្រនេះមានរាជធានីនៅក្រុងតងអ៊ូ ចាប់ពីគ្រិស្ដសករាជ ១៥១០-១៥៣៩ តែនៅពេលវាយបានអាណាចក្រហង្សាវតីក៏ប្ដូររាជធានីទៅក្រុងហង្សាវតី (Bagu បច្ចុប្បន្ន) វិញ ចាប់ពីគ្រិស្ដសករាជ ១៥៣៩-១៥៩៩។

ចក្រភពកនបោង (Konbaung Empire) បានត្រួតត្រាផែនដីភូមាបុរាណចាប់ពីគ្រិស្ដសករាជ ១៧៥២ និងបានវាយយកអាណាចក្រអយុធ្យា អាណាចក្រឡានណា អាណាចក្រវៀងចន្ទន៍ និងទឹកដីជាច្រើនទៀត។ ចក្រភពចុងក្រោយរបស់ភូមានេះមានរាជធានីដំបូងនៅក្រុងស្វេបូ (Swe Bo) ចាប់ពីគ្រិស្ដសករាជ ១៧៥២-១៧៦០ ក្រោយមកក៏ប្ដូរទៅក្រុងសាកែងនៅគ្រិស្ដសករាជ ១៧៦០ រហូតដល់គ្រិស្ដសករាជ ១៧៦៥ ភូ មាបានប្ដូររាជធានីទៅក្រុងអង្គវៈ និងបន្តរហូតដល់គ្រិស្ដសករាជ ១៨៤២។ ចំណែកឯក្រុងអម្រាបុរៈ (Amarapura) ក៏បានក្លាយជារាជធានីរបស់ភូមាផងដែរ ចាប់ពីគ្រិស្ដសករាជ ១៧៨៣-១៨៥៩ ក្រោយមកទៀតក៏បន្តប្ដូរទៅកាន់ក្រុងមណ្ឌាល័យ (Mandalay) ចាប់ពីគ្រិស្ដសករាជ ១៨៥៩-១៨៨៥។

ក្នុងសម័យអាណានិគមអង់គ្លេស ពួកគេបានប្ដូររដ្ឋធានីភូមាជាច្រើនលើកដែរ ដូចជាក្រុងមូមីន (Moulmein) ចាប់ពីគ្រិស្ដសករាជ ១៨២៦-១៨៥២ ក្រុងរ៉ងហ្គូន (Rongoon) ចាប់ពីគ្រិស្ដសករាជ ១៨៥៣-១៩៤២ ក្រុងស៉ីមឡា (Shimla) ចាប់ពីគ្រិស្ដសករាជ ១៩៤២-១៩៤៥ និងប្ដូរមកក្រុងរ៉ងហ្គូនវិញនៅគ្រិស្ដសករាជ ១៩៤៥-១៩៤៨។

នៅគ្រិស្ដសករាជ ១៩៨៩ ទីក្រុងរ៉ងហ្គូនក៏បានប្ដូរឈ្មោះមកជាទីក្រុងយ៉ាំងហ្គនវិញ ហើយនៅជារដ្ឋធានីរបស់មីយ៉ាន់ម៉ារហូតឆ្នាំ២០០៦ ទើបរដ្ឋាភិបាលប្ដូរទៅក្រុងណៃពិដោវិញ៕