ន័រវែសបានក្លាយជាប្រទេសដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលការលក់រថយន្តអគ្គិសនីបានវ៉ាដាច់គ្រប់រថយន្តមានចំហេះទាំងអស់

18


យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានឱ្យដឹងថា ទិន្នន័យថ្មីមួយដែលចេញដោយសហព័ន្ធផ្លូវនៃប្រទេសន័រវេស (OFV) បង្ហាញថា ការលក់រថយន្តអគ្គិសនីនៅប្រទេសន័រវែស បានវ៉ាដាច់ទាំងរថយន្តសាំង ម៉ាស៊ូត និងកូនកាត់រួមបញ្ចូលគ្នា នៅក្នុងឆ្នាំ២០២០។ វាជាលើកទីមួយហើយដែលមានប្រទេសមួយនៅលើពិភពលោកនេះ អាចមានការលក់រថយន្តអគ្គិសនីបានច្រើនជាងរថយន្តមានចំហេះ ហើយវាបានកើតឡើងក្រោយ ១០ឆ្នាំ ដែលរថយន្តប្រភេទនេះមានត្រឹមតែ ១% ប៉ុណ្ណោះ នៅក្នុងទីផ្សាររថយន្តថ្មីរបស់ន័រវែស។

យោងតាមទិន្នន័យរថយន្តអគ្គិសនីមានចំនួន ៥៤.៣% នៃរថយន្តថ្មីទាំងអស់ ដែលត្រូវបានលក់នៅក្នុងប្រទេសកាលពីឆ្នាំមុន ពោលគឺមានការកើនឡើងជាង ១០% បើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀត (៤២.៤%) ។ ប្រទេសនេះកំពុងស្វែងរកការបញ្ចប់ការលក់រថយន្តប្រេងឥន្ធនៈ និងម៉ាស៊ូតទាំងអស់នៅឆ្នាំ២០២៥ និងបានដាក់ប្រាក់ឧបត្ថម្ភធនយ៉ាងច្រើន ដល់អ្នកដែលទិញរថយន្តអគ្គិសនីថ្មី។ ខណៈដែលរថយន្តអគ្គិសនីមានចំណែកទីផ្សារ ៥០% ក្នុងមួយខែៗ វាធ្វើឱ្យឆ្នាំ២០២០គឺជាឆ្នាំដំបូងបំផុត ដែលរថយន្តអគ្គិសនីបានលក់ដាច់ជាងរថយន្តទាំងអស់ក្នុងឆ្នាំនោះ។

មានរថយន្តថ្មីចំនួន ១៤១ ៤១២ គ្រឿង ត្រូវបានលក់នៅទូទាំងប្រទេសកាលពីឆ្នាំ២០២០ ដោយក្នុងនោះមានរថយន្តចំនួន ៧៦ ៧៨៩ គ្រឿង គឺជារថយន្តអគ្គិសនី។ ប៉ុន្តែស្របពេលដែលចំណែកទីផ្សារអគ្គិសនីត្រូវបានគេរំពឹងថានឹងបន្តកើនឡើងនៅក្នុងប្រទេសន័រវែស វានៅមានភាពមិនប្រាកដប្រជាថា តើក្រុមហ៊ុនផលិតរថយន្តណាខ្លះនឹងបែងចែកយានយន្តរបស់ពួកគេទៅប្រទេសន័រវែស នៅចំពេលដែលមានតម្រូវការកើនឡើងនៅទូទាំងអឺរ៉ុប ដោយសារថានិន្នការបញ្ឈប់រថយន្តមានចំហេះសព្វថ្ងៃនេះគឺកំពុងរីកដុះដាលនៅទូទាំងតំបន់នោះ៕