Facebook បន្តបិទគណនីរបស់លោកដូណាល់ ត្រាំ មិនឲ្យបង្ហោះអ្វីទាំងអស់ រហូតដល់លោក ចាកចេញពីសេតវិមាន ដោយសន្តិវិធី

36


(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ក្រុមហ៊ុនរបស់លោក នឹងបន្តបិទគណនីរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ មិនឲ្យបង្ហោះអ្វីទាំងអស់ រហូតដល់ផុតអាណត្តិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។

ខាងក្រោមនេះ គឺជាការប្រែសម្រួលពាក្យសម្តីទាំងស្រុងរបស់ លោក Zuckerberg ដែលត្រូវបានបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅមុនបន្តិចនៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១៖

«ព្រឹត្តិការណ៍គួរឲ្យភ្ញាក់ផ្អើល ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ថាប្រធានាធិបតីដូណាល់ ត្រាំ មានបំណងប្រើប្រាស់ពេលវេលាដែលនៅសល់របស់លោកនៅក្នុងតំណែង ដើម្បីធ្វើឲ្យអន្តរាយដល់ការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងភាពស្របច្បាប់នៃអ្នកស្នងតំណែងរបស់លោក គឺលោកចូបៃ ដិន។

ការសម្រេចចិត្តរបស់លោក ក្នុងការប្រើប្រាស់វេទិការបស់លោក ដើម្បីសម្តែងការអត់អោនដល់អ្នកគាំទ្រគាត់ ជាជាងថ្កោលទោសសកម្មភាពរបស់ពួកគេនៅឯវិមានសភា បានធ្វើឲ្យមានការរំខានដល់ប្រជាជននៅសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោក។ យើងបានសម្រេចលុបចោលសេចក្តីថ្លែងទាំងនេះកាលពីម្សិលមិញ ពីព្រោះយើងបានវិនិច្ឆ័យថាផលប៉ះពាល់របស់វា នឹងបង្កឲ្យមានអំពើហឹង្សាថែមទៀត។

បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតត្រូវបានអនុម័តដោយសភារួចរាល់ហើយនេះ អាទិភាពសម្រាប់ប្រទេសទាំងមូលឥឡូវនេះ គឺធានាថារយៈពេល ១៣ថ្ងៃដែលនៅសល់ និងថ្ងៃបន្ទាប់មកទៀត ត្រូវតែប្រព្រឹត្តទៅដោយសុវត្ថិភាព និងស្របតាមស្តង់ដារប្រជាធិបតេយ្យដែលបានបង្កើតឡើង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានអនុញ្ញាតិឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រើប្រាស់វេទិការបស់យើងស្របនឹងច្បាប់ផ្ទាល់ខ្លួនរបស់យើង ដោយពេលខ្លះយើងសម្រេចលុបមាតិកាខ្លះ ឬដាក់សញ្ញាព្រមាន នៅពេលគាត់បានរំលោភគោលនយោបាយរបស់យើង។ យើងបានធ្វើដូច្នេះពីព្រោះយើងជឿជាក់ថា សាធារៈណជនមានសិទ្ធិនិយាយទូលំទូលាយផ្នែកនយោបាយ សូម្បីតែការនិយាយដែលមានលក្ខណៈចម្រូងចម្រាសក៏ដោយ។ ប៉ុន្តែបរិបទបច្ចុប្បន្នគឺខុសគ្នាទាំងស្រង់ ថ្បិតថាវាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់វេទិការបស់យើង ដើម្បីញុះញង់ឲ្យមានការបះបោរប្រឆាំងនឹងរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។

យើងជឿជាក់ថាហានិភ័យនៃការអនុញ្ញាតឲ្យលោកប្រធានាធិបតី(ដូណាល់ ត្រាំ) បន្តប្រើប្រាស់សេវាកម្មរបស់យើង ក្នុងអំឡុងពេលនេះគឺពិតជាអស្ចារ្យណាស់ជ្រុលពេក។ ហេតុដូច្នេះហើយយើងនឹងបន្តបិទគណនី Facebook និង Instagram របស់គាត់ ដោយគ្មានកាលកំណត់ ដោយយ៉ាងហោចណាស់ ក៏ក្នុងរយៈពេលពីរសប្តាហ៍ទៀតដែរ រហូតដល់ការផ្លាស់ប្តូរអំណាចបានប្រព្រឹត្តទៅ ដោយសន្តិវិធី»៕