ព្រះរាជអាជ្ញា ចោទប្រកាន់បក្ខពួកខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ចំនួន២បទល្មើស និងបញ្ជូនបន្ដទៅចៅក្រមស៉ើបសួរ

20


(ភ្នំពេញ)៖ ជនសង្ស័យជាអ្នកបើករថយន្ដដឹកខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅខណ្ឌពោធិ៍សែនជ័យ ព្រោះរឿងគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ដើម្បីបន្ដនីតិវិធី។

ជនសង្ស័យរូបនេះ ត្រូវបានលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីរបទល្មើស រួមមាន៖ សមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន។ បើតាមសេចក្ដីរាយការណ៍ នៅព្រឹកនេះ តំណាងអយ្យការបានបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៉ើបសួរ ដើម្បីបើកការស៉ើបសួរ តាមនីតិវិធី។

គួរជម្រាបថា នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏ចាប់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ។ បក្ខពួកខ្មាន់កាំភ្លើង ត្រូវចាប់ខ្លួនបាននៅខេត្តបាត់ដំបង ហើយបញ្ជូនភ្លាមៗ តាមរថយន្ដមកកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំ។

បក្ខពួករបស់ខ្មាន់កាំភ្លើងម្នាក់នេះឈ្មោះ កែ ចាន់មាន ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើកករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ។

បន្ទាប់មកជនរងគ្រោះ បានបើកករថយន្កកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីឲ្យអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន (ខ្មាន់កាំភ្លើង) មានកំហឹង ហើយប្រាប់ខ្លួនឲ្យនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ។ ពេលកំពុងចរចារគ្នា រឿងគ្រោះថ្នាក់ចរាចណ៍ខាងលើ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើកករថយន្តគេចពីកន្លែងកើតហេតុតែម្តង។

រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ខ្មាន់កាំភ្លើង ដែលគេអះអាងថា ជាមន្ដ្រីយោធានោះ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ពោលកំពុងរត់គេចខ្លួននៅខេត្តភាគឦសាន នៃប្រទេសកម្ពុជា ក្រោមការតាមប្រមាញ់យ៉ាងស្អិតរមួតពីកម្លាំងប្រដាប់អាវុធជាច្រើនស្ថាប័ន៕