អាជ្ញាធរឥណ្ឌូណេស៊ី៖ «តួយន្តហោះដឹកអ្នកដំណើរ នៃអាកាសចរណ៍ Sriwijaya បានបាក់បែកខ្ទេចអស់ រួចទើបធ្លាក់ស្រោចលើផ្ទៃសមុទ្រជ្វា»

23


(ហ្សាការតា)៖ អ្នកជំនាញស៊ើបអង្កេត នៃអាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូណេស៊ី (KNKT) បានអះអាងនៅព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ នេះថា តួយន្តហោះដឹកអ្នកដំណើរ Boeing 737-500 របស់ក្រុមហ៊ុនអាកាសចរណ៍ ស្រ៊ីវីចាយ៉ា (Sriwijaya) បានបាក់បែកខ្ទេចខ្ទីអស់ទៅហើយ នៅមុនពេលវាធ្លាក់លើផ្ទៃសមុទ្រជ្វា (Java Sea) កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន និងបាននាំឲ្យមនុស្សជិះនៅលើនោះទាំងអស់ ៦២នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

មន្ត្រីជំនាញមកពី KNKT លោក នួរកាហ៊ីយ៉ូ យូតូម៉ូ (Nurcahyo Utomo) បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters យ៉ាងដូច្នេះថា «យើងមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែបើយើងពិនិត្យមើលស្ថានភាព នៃបំណែកនានារបស់យន្តហោះ គឺបំណែកទាំងនោះបានធ្លាក់រាយប៉ាយ ក្នុងផ្ទៃសមុទ្រមានរង្វង់ធំធេងពេក…។ វាទំនងជាបានបាក់បែកខ្ទេចខ្ទី នៅមុនពេលធ្លាក់មកលើផ្ទៃសមុទ្រ… ប្រសិនបើយន្តហោះនោះផ្ទុះបែក នៅពេលកំពុងធ្លាក់មកពីលើអាកាស ដូច្នេះកម្ទេចកម្ទី និងបំណែកយន្តហោះ ត្រូវធ្លាក់រាយប៉ាយក្នុង ផ្ទៃសមុទ្រ យ៉ាងធំធេងបែបនេះ»

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Sriwijaya Air ផ្ទុកមនុស្សសរុប ៦២នាក់ (អ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ ១២នាក់) បានហោះចេញពីរដ្ឋធានីហ្សាការតា ដើម្បីឆ្ពោះទៅកាន់អាកាសយានដ្ឋាន ប៉ុនទាណាក់ (Pontianak) នៃខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan) កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន ហើយវាបានបាត់ចេញពីប្រព័ន្ធរ៉ាដា តែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះក្រោយការហោះឡើង។

មូលហេតុនៃការធ្លាក់យន្តហោះខាងលើនេះ នៅមិនទាន់មានការបញ្ជាក់ឡើយ ប៉ុន្តែទីតាំងនៃប្រអប់ខ្មៅទាំងពីររបស់វា ត្រូវបានកំណត់រកឃើញហើយ កាលពីពាក់កណ្តាលយប់ថ្ងៃអាទិត្យ (ជាងមួយថ្ងៃក្រោយការធ្លាក់)។ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃអាទិត្យ ម្សិលមិញនេះដដែល ក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេសឥណ្ឌូណេស៊ី បានប្រមូលបំណែកសាកសពមនុស្ស បានចំនួន ០៥ថង់ដាក់សព និងបំណែកយន្ដហោះចំនួន ៣ថង់ផងដែរ៕