រក​ឃើញ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយកន្លែង នៅខេត្ត​បាត់ដំបង មាន់ជាង១ពាន់ក្បាលបានងាប់ជាបន្តបន្ទាប់, ជំងឺនេះមិនប៉ះពាល់ដល់មនុស្សទេ

35


ខេត្តបាត់ដំបង៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរបានរក​ឃើញ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង បន្ទាប់​ពី​មាន​សត្វ​មាន់​ជាង ១ពាន់ក្បាល ក្នុង​កសិដ្ឋាន​បានងាប់ជាបន្តបន្ទាប់ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែ​មករា ឆ្នាំ២០២១ កន្លង​មកនេះ។

យោងតាមការបញ្ជាក់ពីលោក ប៉ែន សេដ្ឋា ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម មន្ត្រីជំនាញបានចុះទៅដល់ទីតាំងចិញ្ចឹមមាន់ ហើយធ្វើការពិនិត្យឃើញថា មានមាន់ចំនួន១៣០០ក្បាលបានងាប់ជាបន្តបន្ទាប់។ លទ្ធផលធ្វើតេស្តសំណាកលើសត្វមាន់ដែលងាប់នោះបានបង្ហាញថា មានជំងឺគ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែជំងឺប្រភេទនេះ គឺមិនប៉ះពាល់ដល់មនុស្សនោះទេ។

មន្ត្រីជំនាញបានសហការជាមួយម្ចាស់កសិដ្ឋាន ដើម្បីយកមាន់ដែលងាប់ទាំងនោះទៅកប់ចោល មិនឲ្យទទួលទាន ឬលក់នោះទេ និងបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ផងដែរ។ អាជ្ញាធរក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើឃើញមាន់ឈឺ ឬងាប់ខុសប្រក្រតី និងសង្ស័យកើតមានជំងឺណាមួយ  សូមប្រញាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីការិយាល័យបសុព្យាបាល ឬមន្ទីរកសិកម្មផ្ទាល់ ដេីម្បីចុះទៅធ្វើការត្រួតពិនិត្យ៕