ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃឌិន បានទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ រួចរាល់ហើយ

27


អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃឌិន ត្រូវបានសារព័ត៌មាន Channel News Asia រាយការណ៍ថា រូបលោកបានមកទទួលវ៉ាក់សាំងការពារជំងឺ COVID-19 ជាលើកទី២ រួចរាល់ហើយ កាលពីថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។ សូមរម្លឹកជូនថា កាលពី ៣ សប្តាហ៍មុនលោក ចូ បៃឌិន ធ្លាប់បានមកចាក់វ៉ាក់សាំងការពារជំងឺ COVID-19 រួចម្តងហើយ ដែលជាដូសទី១ ហើយពេលនោះដំណើរការនៃការចាក់វ៉ាក់សាំងរបស់គាត់ ក៏ត្រូវបានបណ្តាញសារព័ត៌មានធំៗនៅអាមេរិកបានយកទៅចុះផ្សាយតាមកញ្ចក់ទូរទស្សន៍ និងសរសេរជាអត្ថបទព័ត៌មានផងដែរ។

ប្រភពខាងលើបានបន្តថា ដំណើរការនៃការចាប់វ៉ាក់សាំងជូនលោក ចូ បៃឌិន ដែលជាដូសទី២នេះ ត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យ Christiana ស្ថិតនៅក្នុងក្រុង Newark នៃរដ្ឋ Delaware ហើយវ៉ាក់សាំងដែលគេបានចាក់ជូនរូបលោក គឺវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ Biontech។ ក្រៅតែពីលោក ចូ បៃឌិន ក៏មានមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូបផ្សេងទៀត ត្រូវបានគេឃើញអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ផងដែរ រួមទាំងលោកអនុប្រធានាធិបតី Mike Pence ទៀតផង។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះអាមេរិកមានអ្នកជំងឺ COVID-19 សរុបចំនួនជាង ២៣ លានករណី និងស្លាប់ជាង ៣៨០ ០០០ នាក់ ហើយអាមេរិកជាប្រទេសទី១ ដែលមានករណីអ្នកឆ្លង និងស្លាប់ច្រើនជាងគេទាំងអស់នៅក្នុងពិភពលោក៕