គ្រូបង្វឹក Pochettino លើកពានដំបូងជាមួយ PSG នៅពេលដឹកនាំឈ្នះ Marseille ២-១

20


(ប៉ារីស)៖ អ្នកចាត់ការទូទៅ Mauricio Pochettino បានដឹកនាំ Paris Saint-Germain ឈ្នះពាន Trophee des Champions 2021 បន្ទាប់ពីយកឈ្នះគូប្រជែង Marseille ក្នុងលទ្ធផល ២-១ នៅរាត្រីថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Lens។

នេះក៏ជាពានទី១ ផងដែរសម្រាប់អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីន Pochettino នៅក្រោយពេលដឹកនាំក្លិប Espanyol របស់អេស្ប៉ាញ និង Southampton និង Tottenham Hotspur របស់អង់គ្លេសមិនទទួលបានជោគជ័យនោះ។

វាមានរយៈពេលជិត ១ខែប៉ុណ្ណោះគិតចាប់តាំងពីបុរសវ័យ ៤៧ឆ្នាំខាងលើបានចុះកិច្ចសន្យាដឹកនាំក្លិបជើងឯកបារាំង PSG ចំនួន ១ឆ្នាំកន្លះ ក្រោយអត់ការងារធ្វើ ១៤ខែមក នៅពេលបាត់បង់តួនាទីពីក្លិបមាន់ខ្នាយមាស Spurs នាចុងឆ្នាំ២០១៩។

កីឡាករខ្សែប្រយុទ្ធរួមជាតិ Mauro Icardi ជាអ្នករកបានគ្រាប់បើកឆាកនៃការប្រកួតដ៏សំខាន់នេះនៅនាទី៣៩ មុនពេល Neymar ទាត់បាល់ប៉េណាល់ទីបានសម្រេចគ្រាប់ទី២ នៅនាទី៨៥ និង Dimitri Payet ដែលជាអតីតខ្សែប្រយុទ្ធក្លិប West Ham United រកបានតែ ១គ្រាប់ឲ្យ Marseille នៅនាទី៨៩៕