ហ្វីលីពីនអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

19


(ម៉ានីល)៖ អាជ្ញាធរត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនិងឱសថរបស់ហ្វីលីពីន នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក ហ្វាយហ្សឺ (Pfizer) ខណៈយុទ្ធនាការចាក់វ៉ាក់សាំងត្រូវគេរំពឹងថា នឹងចាប់ផ្តើមនៅខែក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។

ការអនុម័តឲ្យប្រើប្រាស់ខាងលើកើតមានឡើង បន្ទាប់ពីក្រុមហ៊ុន Pfizer បានដាក់ពាក្យស្នើសុំសម្រាប់ការប្រើប្រាស់បន្ទាន់ (EUA) នៅក្នុងប្រទេសហ្វីលីពីនកាលពី៣សប្តាហ៍មុន។ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer មានប្រសិទ្ធភាព៩៥ភាគរយប្រឆាំងនឹងជំងឺរាតត្បាតជាសកលនេះ ប៉ុន្តែតម្រូវឲ្យរក្សាទុកក្នុងសីតុណ្ហភាពដ៏ត្រជាក់ខ្លាំងបំផុត។

គួរបញ្ជាក់ថា វាជាវ៉ាក់សាំង COVID-19 ដំបូងគេ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីន។ បើតាមអាជ្ញាធរសុខាភិបាលហ្វីលីពីន ក្រុមហ៊ុនចិន Sinovac កាលពីថ្ងៃពុធសប្តាហ៍ម្សិលមិញ ទើបតែបានដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ខ្លួន នៅក្នុងប្រទេសអាស៊ានមួយនេះ។ ហ្វីលីពីនរំពឹងថា នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅខែកុម្ភៈខាងមុខ៕