គ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារឥណ្ឌូណេស៊ី, មនុស្ស៧នាក់ស្លាប់ និងរាប់រយនាក់រងរបួស

44


(ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះបានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ០៧នាក់បានស្លាប់ និងរាប់រយនាក់ទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័របានវាយប្រហារកោះស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្ដាលនៃប្រទេសនេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គ្រោះរញ្ជួយដីខាងលើ កើតឡើងនៅចំងាយ ៦គីឡូម៉ែត្រពីភាគឦសាន្តទីក្រុង ម៉ាចេណេ (Majene) ដោយមានជម្រៅរញ្ជួយទៅក្នុងដី ១០គីឡូម៉ែត្រ។ អ្នកស្រុករាប់ពាន់នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព បន្ទាប់ពីរងការវាយប្រហារដោយគ្រោះរញ្ជួយដី ប៉ុន្តែវាមិនមានការព្រមានពីរលកយក្សស៊ូណាមិនោះឡើយ ខណៈការញ័ររញ្ជួយកម្រិតខ្លាំង បានកើតមានឡើងតែ ៧វិនាទីប៉ុណ្ណោះ។

ទីភ្នាក់ងារខាងលើ បានគូសបញ្ជាក់បន្ថែមថា សណ្ឋាគារមួយ និងការិយាល័យរបស់អភិបាលខេត្តដីកោះ Sulawesi ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយការផ្គត់ផ្គង់អគ្គិសនី ក៏ត្រូវបានកាត់ផ្តាច់ផងដែរ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសមួយ ដែលស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្លើង (Ring of fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះប្រទេសអាស៊ានមួយនេះ តែងតែរងការវាយប្រហារជាញឹកញាប់ ដោយគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម។ កាលពីឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រដ៏សាហាវ ជាមួយនឹងរលកយក្សស៊ូណាមិ បានវាយប្រហារទីក្រុង ប៉ាលូ (Palu) ដែលស្ថិតនៅលើកោះ Sulawesi នេះដូចគ្នា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់៕