ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់ ជាអ្នកធ្វើដំណើរមកបរទេស ខណៈអ្នកជាសះស្បើយមិនមានទេ

38


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន០៤នាក់ ដែលជាអ្នកធ្វើដំណើរមកពីបរទេស ខណៈអ្នកជាសះស្បើយមិនមាននោះទេ។

អ្នកឆ្លងកូវីដ១៩ ថ្មីទាំង៤នាក់រួមមាន៖

* បុរសជនជាតិឥណ្ឌូណេស៊ី អាយុ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

* ស្ត្រីជនជាតិឥណ្ឌូណេស៊ី អាយុ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២១។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង០២រូប ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១២៨នាក់ ដែលនៅក្នុងចំនួននេះមានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន១២៦នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញចំនួន ១២៣នាក់ និងមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ចំនួន០៣នាក់។

* ស្ត្រីជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

* បុរសជនជាតិស្វីស អាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសស្វីស បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

សូមជម្របថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន៤៨៣នាក់ ក្នុងនោះអ្នកជំងឺ ៤៧០នាក់ព្យាបាលជាសះស្បើយ និងអ្នកជំង១៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ៕