អ្នកវិទ្យាសាស្ត្រជឿថា ជាង ២០០ លានឆ្នាំទៀត ទ្វីបទាំងអស់នឹងរលាយចូលគ្នាជាមហាទ្វីបតែមួយវិញដូចដើម

54


ទ្វីបនៅផែនដីរបស់យើងកាលពី ៣០០ លានឆ្នាំមុន គឺគ្រាន់តែជាទ្វីបយ៉ាងធំល្ហល្ហេវហៅថា Pangea លុះក្រោយមកវាក៏បានរសាត់ចេញពីគ្នាតាមរយៈស្រទាប់រឹងខាងក្រៅ ឬស្រទាប់​តិចតូនិច ដែលធ្វើឱ្យផែនដីយើងនេះមានទ្វីបដាច់ៗពីគ្នារហូតមក។ ទ្វីបនៅលើផែនដីនេះគឺមិនមែននៅតែមួយកន្លែងនោះទេ ហើយជាការពិតទៅ ផែនដីគឺមានចលនាតាំងតែពីរាប់ពាន់លានឆ្នាំមុនមកម៉្លេះ ហើយប្រហែលជា ៤០០ ទៅ ៦០០ឆ្នាំ ទ្វីបថ្មីមួយទៀតអាចនឹងមានវត្តមានឡើង ដូច្នេះក្រុមអ្នកស្រាវជ្រាវមួយក្រុមបានព្យាយាមលើកយកគំរូចំនួន ៤ ដែលផែនដីអាចនឹងមានសណ្ឋានបែបនោះ នៅពេលដែលទ្វីបបន្ដរសាតចេញពីគ្នានៅរាប់លានឆ្នាំខាងមុខទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Maxisciences ។

ការរសាតចេញពីគ្នារបស់ Pangea បានកំណត់ឱ្យមានសេណារីយ៉ូមូលដ្ឋានចំនួន ៤ សម្រាប់ផែនដីនៅរយៈពេល ២០០ លានឆ្នាំខាងមុខដូចជា៖ Novopangea, Pangea Ultima, Aurica និង Amasia ។

បច្ចុប្បន្នមហាសមុទ្រប៉ាស៊ីហ្វិកកំពុងតូចជាងមុនបន្តិចម្តងៗ ដែលផ្តល់ឱ្យមហាសមុទ្រអាត្លង់ទិកនូវទំហំដែលវាត្រូវការដើម្បីពង្រីកខ្លួន។ ប្រសិនបើនិន្នាការនេះនៅតែបន្ត យើងអាចមានសេណារីយ៉ូមួយគឺ Novopangea ដែលវានឹងបង្កើតជាម៉ាសមួយនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកបច្ចុប្បន្ន ដោយរួមបញ្ចូលទ្វីបទាំងអស់ដែលយើងស្គាល់។

ទោះយ៉ាងណា លំហូររបស់មហាសមុទ្រអាត្លង់ទិចអាចបន្ថយល្បឿន និងបញ្ច្រាសវា ដែលផ្តល់នូវសេណារីយ៉ូខុសគ្នាទាំងស្រុង។ យើងនឹងជួបជាមួយនឹងការធ្វើសមាហរណកម្មរបស់ Pangea ដែលទ្វីបទាំងអស់ផ្ដុំគ្នានៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកដ៏មហិមា។ ដូច្នេះម្ដងនេះទ្វីបទាំងអស់នឹងរួមគ្នាបង្កើតជារង្វង់មូលមួយហៅថា Pangea Ultima ដែលអាមេរិកខាងត្បូងត្រូវបានភ្ជាប់ទៅទ្វីបអាស៊ីខាងកើតដោយទ្វីបអង់តាក់ទិក ។

ប្រសិនបើតំបន់ធ្លាក់ចុះថ្មី subduction zones ត្រូវលេចចេញជារូបរាងនៅមហាសមុទ្រអាត្លង់ទិច (បាតុភូតមួយដែលអាចនឹងកើតឡើងនាពេលបច្ចុប្បន្ន) តំបន់នោះ និងមហាសមុទ្រប៉ាស៊ីហ្វិក នឹងត្រូវបង្ខំចិត្តបិទទ្វារអាងទឹកមហាសមុទ្រថ្មី។ បណ្តាលឱ្យទ្វីបអាស៊ីត្រូវបែកជា ២ ហើយបាតុភូតនេះហៅថា Aurica ។

ចុងក្រោយគឺ Amasia ដែលសណ្ឋានមួយនេះ គឺមានភាពខុសពីសេណារីយ៉ូដែលបានរៀបរាប់ខាងលើ។ ស្រទាប់​តិចតូនិចជាច្រើនកំពុងធ្វើដំណើរទៅភាគខាងជើងពេលនេះ រួមទាំងអាហ្វ្រិក និងអូស្រ្តាលី។ ដោយសារតែការរសាត់ទៅភាគខាងជើងទាំងអស់គ្នាបែបនេះ ដូច្នេះអ្នកស្រាវជ្រាវជឿថា ទ្វីបទាំងអស់នឹងផ្ដុំគ្នានៅប៉ូល​ខាងជើង។ យ៉ាងណា Novopangea អាចនឹងក្លាយជាសេណារីយ៉ូដែលទំនងបំផុត ប៉ុន្តែមានតែអនាគតទេដែលនឹងប្រាប់យើងថា តើផែនដីនឹងមានសភាពយ៉ាងណាទៅថ្ងៃមុខ៕