ស្ត្រីវៀតណាមម្នាក់ដែលបន្លំខ្លួនចូលមកប្រទេសកម្ពុជាតាមរថយន្តដឹកផ្លែឈើត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានជំនាញអនុវត្តតាមច្បាប់

43


យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី ៤ខែ មីនា ឆ្នាំ២០២១នេះតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោមឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍បាន ដឹក នាំមន្រ្តីការិយាល័យជំនាញ នាំខ្លួនស្រ្តីជាជនបរទេសម្នាក់ឈ្មោះ ទ្រឿង ទីទួហាវ Truong Thi Tu Hao អាយុ២២ឆ្នាំ ជនជាតិវៀតណាម ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចនៅ ស្រុកកំរៀង បានធ្វើការឃាត់ខ្លួនស្រី្តរូបនេះ និងបុរសជាជនជាតិខ្មែរផ្សេងទៀត បន្ទាប់ពីពួកគាត់បានបន្លំឆ្លងដែនដោយជិះរថយន្តដឹកផ្លែឈើចូលពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងចូលមកប្រទេសកម្ពុជា ដោយគេចវេសមិនព្រមធ្វើចត្តាឡីស័ក។ ប៉ុន្តែទីបំផុតត្រូវបានសមត្ថកិច្ចរកឃើញនិងនាំយកទៅធ្វើចត្តាឡីស័កនៅទីនោះតាមវិធានសុខាភិបាលរហូតមក ទើបពេលនេះត្រូវបានចាត់បញ្ជូនរូបគាត់ទៅកាន់នាយកដ្ឋានជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕