អាល្លឺម៉ង់ អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca សម្រាប់ប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំ

54


(ប៊ែកឡាំង)៖ ក្រសួងសុខាភិបាលអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា គណៈកម្មាការចាក់វ៉ាក់សាំងរបស់ខ្លួន បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca សម្រាប់ប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍ដដែលនេះបានបន្ថែមទៀតថា ដោយផ្អែកលើលទ្ធផលការសិក្សាថ្មីមួយបានបង្ហាញថា ការទុករយៈពេលរវាងដូសទី១ និងទី២ ឲ្យបានកាន់តែយូរកាន់តែមានប្រសិទ្ធភាព ដូច្នេះគណៈកម្មាការចាក់វ៉ាក់សាំងបានផ្តល់អនុសាសន៍ ឲ្យពន្យាររយៈពេលជាអតិបរមាចំនួន ១២សប្តាហ៍រវាងការទទួលចាក់វ៉ាក់សាំងដូសទី១ និងទី២ ។

ដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់លោក Jens Spahn និយាយយ៉ាងដូច្នេះថា«នេះជាដំណឹងល្អសម្រាប់មនុស្សវ័យចាស់ដែលកំពុងរង់ចាំវ៉ាក់សាំង។ ឥឡូវពួកគេអាចចាក់វ៉ាក់សាំងបានលឿនជាងមុន…យើងនឹងចេញបទប្បញ្ញត្តិមួយដែលអនុវត្តអនុសាសន៍ទាំងពីរឆាប់ៗនេះ»។

គួរបញ្ជាក់ថា ដំបូងឡើយអាល្លឺម៉ង់បានបដិសេធក្នុងការផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុន AstraZeneca សម្រាប់អ្នកដែលមានអាយុលើសពី ៦៥ឆ្នាំ ដោយនិយាយថាខ្វះភស្តុតាងពីការធ្វើតេស្តគ្លីនិក ដែលបញ្ជាក់ពីប្រសិទ្ធភាពរបស់វា។

យោងតាមតួលេខចុងក្រោយពីក្រសួងសុខាភិបាល និងវិទ្យាស្ថាន Robert Koch សម្រាប់ជំងឺឆ្លងបានឲ្យដឹងថា ក្រុមហ៊ុន AstraZeneca បានផ្តល់វ៉ាក់សាំងចំនួន ២.១លានដូសដល់ប្រទេសអាល្លឺម៉ង់ ប៉ុន្តែរហូតមកដល់ពេលនេះ មានតែ ៦៣០,០០០ដូសប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់៕