រញ្ជួយដីធំៗចំនួន ៣លើក បានវាយប្រហារប្រទេសនូវែលហ្សេឡង់ ដែលធ្វើឱ្យមានការព្រមានពីរលកយក្សស៊ូណាមី ប៉ុន្តែក្រោយមកបានដកការព្រមានចេញវិញ

32


ការរញ្ជួយដីដ៏ខ្លាំងចំនួន ៣លើក បានវាយប្រហារឆ្នេរសមុទ្រនៃប្រទេសនូវែលហ្សេឡង់ នៅថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១ ដែលបង្កឱ្យមានការព្រមានពីរលកយក្សស៊ូណាមី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរនៃកោះខាងជើងត្រូវបានគេបង្គាប់ឱ្យជម្លៀសចេញ បន្ទាប់ពីការរញ្ជួយដីលើទី៣ ដែលរញ្ជួយខ្លាំងជាងគេ ហើយទីភ្នាក់ងារគ្រាអាសន្នជាតិក៏បានព្រមានពីការគំរាមកំហែងពីរលកយក្សស៊ូណាមីនៅតាមបណ្តោយឆ្នេរខាងកើត។

មានសេចក្តីរាយការណ៍អំពីភាពវឹកវរនៅតាមទីប្រជុំជនមួយចំនួន ខណៈដែលមនុស្សរាប់រយនាក់បានព្យាយាមទៅរកទីខ្ពស់។ ប៉ុន្តែមកដល់រសៀលថ្ងៃសុក្រនេះ (ម៉ោងក្នុងស្រុង) អាជ្ញាធរបាននិយាយថា ការព្រមានពីរលកយក្សស៊ូណាមីត្រូវបានដកចេញវិញ។ អ្នកស្រុកត្រូវបានគេប្រាប់ថា ពួកគេអាចត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវបានគេព្រមានមិនឱ្យនៅជិតឆ្នេរសមុទ្រនោះទេ។ ប្រជុំកោះប៉ាស៊ីហ្វិកខាងត្បូងនៃរដ្ឋ New Caledonia និង Vanuatu ក៏ត្រូវបានគេព្រមានឱ្យត្រៀមសម្រាប់រលកគ្រោះថ្នាក់ផ្សេងៗផងដែរ។

ឆ្នេរសមុទ្ររបស់ពួកគេអាចមើលឃើញរលកកើនឡើងដល់ ៣ ម៉ែត្រ (១០ ហ្វីត) ខណៈដែលផ្នែកខ្លះនៃអាមេរិកខាងត្បូង រួមទាំងប្រទេសប៉េរូអេក្វាឌ័រ និងឈីលី ត្រូវបានគេព្រមានថា ពួកគេអាចមើលឃើញរលកកម្ពស់ ១ ម៉ែត្រ ឈានដល់ឆ្នេរសមុទ្ររបស់ពួកគេ។ កម្លាំងរញ្ជួយខ្លាំងបំផុតគឺ ៨.១ រ៉ិចទ័រ វាបានវាយប្រហារនៅម៉ោង ៨ និង ៣០ នាទី ក្បែរកោះ Kermadec ដែលគ្មានមនុស្សរស់នៅនោះទេ ក្នុងចម្ងាយ ១,០០០ គីឡូម៉ែត្រ ខាងជើងឆៀងខាងកើតនៃប្រទេស៕