វៀតណាមចាប់ផ្ដើមដាក់ការផាកពិន័យរហូតដល់ជាង ៨០០ដុល្លារ ចំពោះកន្លែងកម្សាន្តពេលរាត្រីណាមួយ ដែលនៅតែបន្ដបើកទ្វារលើសម៉ោងកំណត់

28


ប្រទេសវៀតណាមនឹងចាប់ផ្ដើមធ្វើការផាកពិន័យក្លឹបរាំកម្សាន្តណាមួយ ដែលនៅតែបើកប្រតិបត្តិការបន្ទាប់ពីម៉ោង ២ រំលងអធ្រាត្រ ជាមួយនឹងការផាកពិន័យរហូតដល់ ២០ លានដុង (៨៦៨ ដុល្លារអាមេរិក) ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយយោងទៅតាមក្រឹត្យថ្មីមួយរបស់រដ្ឋាភិបាល ប្រឆាំងនឹងការកម្សាន្តលើសម៉ោងកំណត់។ ក្នុងនោះផងដែរហាងខារ៉ាអូខេណា ដែលបើកទ្វារបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ នឹងត្រូវពិន័យជាប្រាក់រហូតដល់ ១៥ លានដុង ខណៈការពិន័យនាពេលបច្ចុប្បន្នមានចាប់ពី ៥-១០ លានដុង (២១៧-៤៣៣ ដុល្លារ) ។

ជម្រាបដែរថា នាពេលបច្ចុប្បន្ននេះហាងខារ៉ាអូខេត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ពាក់កណ្តាលអធ្រាត្រ និងក្លឹបរាំចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ២ រំលងអធ្រាត្រ ហើយលើសពីម៉ោងកំណត់នេះ គឺពួកគេនឹងទទួលការផាកពិន័យដោយខានមិនបាន។

រដ្ឋាភិបាលក៏បាននិយាយដែរថា ក្លឹបរាំដែលអនុញ្ញាតឱ្យមនុស្សអាយុក្រោម ១៨ឆ្នាំ ចូលរាំកម្សាន្ត នឹងត្រូវពិន័យពី ១០ ទៅ ១៥ លានដុង (៤៣៣-៦៥៣ដុល្លារ)។ ហាងខារ៉ាអូខេ និងក្លឹបរាំ អាចប្រឈមនឹងការផាកពិន័យពី ១៥ ទៅ ២០ លានដុង សម្រាប់ការដាក់គន្លឹះទ្វារនៅខាងក្នុងគ្រឹះស្ថានរបស់ពួកគេ ឬរៀបចំឧបករណ៍រោទិ៍ណាមួយផងដែរ (លើកលែងតែឧបករណ៍រាវរកគ្រឿងផ្ទុះនិងអគ្គិភ័យ)។ គួរឱ្យដឹងដែរថា នាពេលថ្មីៗនេះប៉ូលីសវៀតណាមបានបង្កើនការបង្ក្រាបរបស់ពួកគេទៅលើក្លឹបរាត្រី និងហាងខារ៉ាអូខេ បន្ទាប់ពីមានការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀនយ៉ាងគំហុក៕